Monday, November 24, 2025
Homeព័ត៌មានជាតិឪពុកម្តាយទប់អារម្មណ៍បាន... ទុកចិត្តពេក ឃើញមានគ្នាច្រើនទៅជាមួយកូន

ឪពុកម្តាយទប់អារម្មណ៍បាន… ទុកចិត្តពេក ឃើញមានគ្នាច្រើនទៅជាមួយកូន

ខេត្តកំពង់ធំ ៖ ក្មេងប្រុសវ័យជំទង់ម្នាក់បានសុំម្តាយចេញទៅលេងកម្សាន្តនៅរមណីយដ្ឋានទំនប់៦មករា ជាមួយនឹងមិត្តភក្តិ៦ទៅ៧នាក់ទៀត លុះទៅដល់ក៏នាំគ្នាអង្គុយលេងផឹកស៊ីនៅលើខ្យូសបណ្តែតទឹក។

ស្រាប់តែក្រោយមកមិនដឹងយ៉ាងម៉េច ស្រាប់តែយុវជនរងគ្រោះបានធ្លាក់ចូលទឹកដោយគ្មានមិត្តភក្តិណាម្នាក់បានដឹងទាល់តែសោះ លុះផ្អើលឆោឡោរកលើគោកផងមុជទឹករាវរកផង ក៏មិនឃើញរហូតទាល់តែ៣ថ្ងៃក្រោយមកទើបប្រទះឃើញសាកសពអណ្តែតឡើង។

ករណីយុវជនលង់ទឹកបាត់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទំនប់ទឹក៦មករា ស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក។

លុះមកដល់វេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទើបសាកសពបានអណ្តែតលើផ្ទៃទឹកក្នុងសភាពផ្កាប់មុខនៅចំពីមុខទឹកបង្ហៀរចម្ងាយពីទំនប់ប្រហែល៥០ម៉ែត្រ ដែលនៅទីនោះ មានជំរៅទឹកប្រមាណ៧ម៉ែត្រ។

យុវជនរងគ្រោះខាងលើ មានឈ្មោះគុយ កង អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា មានលំនៅក្នុងភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

តាមសម្តីបុរសឈ្មោះឯម គង់ អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះឆឹង ហៃ អាយុ៤២ឆ្នាំ ត្រូវជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនរបស់ពួកគាត់ មិនចេះហែលទឹកទេ ហើយនៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ កូនប្រុសរូបនេះបានសុំពួកគាត់ជាឪពុកម្តាយថាទៅលេងនៅចំណុចកើតហេតុខាងលើជាមួយនឹងមិត្តភក្តិ.

ប្រភពបានបន្តថា ពេលនោះពួកគាត់មិនចង់ឱ្យកូនប្រុសទៅទេ ប៉ុន្តែតែអាងថា មានមិត្តភក្តិរបស់គេ៦ ទៅ៧នាក់ទៀតទៅជាមួយ និងសុទ្ធជាបងប្អូនកូនក្មួយផង ទើបពួកគាត់យល់ព្រមឱ្យទៅ ស្រាប់តែ មកជួបគ្រោះអកុសលបែបនេះតែម្តង។

ឪពុកម្តាយយុវជនរងគ្រោះបន្តទៀតថា ក្រុមក្មេងៗដែលទៅលេងទឹកជាមួយកូនប្រុសរបស់គាត់ រួមមាន ៖

ទី១-ឈ្មោះរិន រ៉ាត់ អាយុ១៩ឆ្នាំ នៅភូមិជាមួយ

ទី២-ឈ្មោះថន តន អាយុ២០ឆ្នាំ

ទី៣-ឈ្មោះអ៊ុល ផល្លី អាយុ២០ឆ្នាំ

ទី៤-ឈ្មោះណាង

ទី៥-ឈ្មោះថៃ

ទី៦-ឈ្មោះឌុក

និងទី៧-ឈ្មោះរ៉ាក់។

តាមប្រភពពីក្រុមយុវជនជាមិត្តភក្តិរបស់ជនរងគ្រោះដែលបានចុះលេងទឹកជាមួយគ្នា បានរៀបរាប់ប្រាប់ថា ក្រោយពីពួកគេបានសុំឪពុកម្តាយរៀងៗខ្លួន ថាទៅដើរលេងនៅចំណុចកើតហេតុខាងលើ និងត្រូវបានឪពុកម្តាយអនុញ្ញាតអស់ហើយ ពួកគេក៏នាំគ្នាជិះម៉ូតូឌុបគ្នាឆ្ពោះទៅ ដល់តំបន់បង្ហៀរទឹក ៦មករា (ទីតាំងកើតហេតុ) នៅវេលាម៉ោងប្រហែល១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពបានបន្តថា លុះទៅដល់ ពួកគេក៏បានជួលខ្យូសបណ្តែតលើទឹកមួយ រួចនាំគ្នាឡើងទៅអង្គុយលេងនៅលើរោងបណ្តែតទឹកនោះ ដោយឱ្យម្ចាស់រោងដាក់ស្រានិងទឹកក្រូចផង រួចក៏នាំគ្នាផឹកស៊ីជុំគ្នាទៅ។

ប្រភពបន្តទៀតថា បន្ទាប់មកពួកគេទាំងអស់គ្នាបានទាញខ្សែបណ្តែតទៅកណ្តាលទឹក ចម្ងាយពីមុខទឹកប្រហែល៤០ម៉ែត្រ រួចនាំគ្នាអង្គុយលេងនិងផឹកស្រានៅទីនោះ រីឯជនរងគ្រោះឈ្មោះគុយ កង នេះមិនចេះផឹកស្រាទេ ផឹកទឹកស្ទីង អង្គុយសំយ៉ុងជើងបែរមុខទៅជើង រីឯពួកខ្លួននាំគ្នាផឹកស្រា លុះអស់សាច់ក្លែមក៏បានទាញរោងតាមខ្សែមកច្រាំងវិញ ដោយមិនបានដឹងថាជនរងគ្រោះធ្លាក់ចូលក្នុងទឹកពីថ្មើរណាទេ

លុះម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ទើបដឹងថា ជនរងគ្រោះបានបាត់ពីលើរោងក៏នាំគ្នាឆោឡោមុជទឹករាវរកជនរងគ្រោះ តែរកមិនឃើញក៏បានរាយការណ៍ជូនសមត្ថកិច្ចនៅទីនោះភ្លាមៗ ក៏បានចាត់ចែងរករហូតតែមិនឃើញ។

រហូតមកដល់វេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ទើបមានគេប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកផ្កាប់មុខនៅចំពីមុខទឹកបង្ហៀរ ចម្ងាយពីទំនប់ប្រហែល៥០ម៉ែត្រ ដែលទីនោះ មានជំរៅទឹកប្រមាណ៧ម៉ែត្រ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកទូកទៅអូសយកសពមកដាក់លើគោក ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា នៅក្នុងមាត់និងច្រមុះសពមានហូរទឹកលាយភក់លាយឈាមចេញក្រៅ ដៃទាំងពីរក្តាប់ នៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យឪពុកម្តាយដឹកទៅកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES