Monday, November 24, 2025
Homeព័ត៌មានជាតិផឹកសុីស្រវឹងនឹកឃើញប្រចណ្ឌប្រពន្ធ នៅផ្ទះមិត្តភក្តិ ក៏មិនទុកមុខឲ្យដែរ

ផឹកសុីស្រវឹងនឹកឃើញប្រចណ្ឌប្រពន្ធ នៅផ្ទះមិត្តភក្តិ ក៏មិនទុកមុខឲ្យដែរ

ខេត្តពោធិ៍សាត់ ៖ បុរសជាប្តីកំណាចម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ស្រាប់តែកើតមានចិត្តប្រចណ្ឌប្រពន្ធ ក៏រករឿងឈ្លោះប្រកែករហូតឈានដល់អំពើហិង្សា ស្ទុះទៅដាល់ប្រពន្ធជាច្រើនដៃចំផ្ទៃមុខបណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធរងរបួសហើមប៉ោងមុខសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។

ករណីប្តីផឹកស្រវឹងផ្ទុះភ្លើងប្រចណ្ឌ ក៏បញ្ចេញកណ្តាប់ដៃដាល់ប្រពន្ធរហូតដល់សន្លប់ស្តូកនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះតាត ធី ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ។

ជនដៃដល់ជាប្តីដែលវ៉ៃប្រពន្ធសន្លប់ស្តូក និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆៃ រ៉ាន់ អាយុ៤១ឆ្នាំ មុខរបរកសិករ។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសន ស៊ឺ អាយុ ៤២ឆ្នាំ មុខរបរកសិករ។

ប្តីប្រពន្ធទាំង២នាក់ ខាងលើ មានលំនៅក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធខាងលើបាននាំគ្នាទៅចូលរួមផឹកស៊ីនៅផ្ទះអ្នកភូមិឈ្មោះតាម ធី នៅចំណុចកើតហេតុខាងលើ។ លុះក្រោយពីជួបជុំផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែបុរសជាប្តីទំនងជាមានចិត្តប្រចណ្ឌប្រពន្ធរបស់ខ្លួន ទើបរករឿងឈ្លោះប្រកែកធ្វើឱ្យមានជម្លោះតឹងសរសៃកដាក់គ្នា។

ប្រភពបានបន្តថា ភ្លាមនោះ បុរសជាប្តីក៏ស្ទុះទៅដាល់ប្រពន្ធចូលផ្ទៃមុខជាច្រើនដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធរងរបួសហើមប៉ោងមុខសន្លប់បាត់មាត់ឈឹងនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធដែលទទួលរងរបួសត្រូវបានគេបញ្ជូនព្យាបាលភ្លាមៗនៅមណ្ឌលសុខភាពក្បែរនោះ។ ចំណែកជនដៃដល់ជាប្តីត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើប្រពន្ធមែន មូលហេតុដោយសារទាស់សម្តីដែលផ្តើមចេញពីភ្លើងប្រចណ្ឌ។

 ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES