Monday, November 24, 2025
Homeព័ត៌មានជាតិលោកមេធាវីប្រាប់ថា "បើស្រវឹងដេកទៅ" តែមិនព្រមស្តាប់សោះ ច្រឡោតមកតែម្តង

លោកមេធាវីប្រាប់ថា “បើស្រវឹងដេកទៅ” តែមិនព្រមស្តាប់សោះ ច្រឡោតមកតែម្តង

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពេលផឹកស្រាស្រវឹងជោកជាំក៏ស្រែកឡូឡាដៀមដាមដល់អ្នកជិតខាងម្នាក់ ជាមេធាវី លុះបុរសជាមេធាវីចេញមកឃាត់ប្រាប់ថាបើស្រវឹងហើយចូលទៅដេកទៅ ស្រាប់តែបុរសរូបនោះខឹងច្រឡោតបានទាញដុំឥដ្ឋការ៉ូឡាគប់មេធាវីចំជើង រួចទាញបន្ទះក្តារមកវាយក្បាលមេធាវីរងគ្រោះ បណ្តាលឱ្យរងរបួសរយះក្បាលថែមទៀត ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនសង្ស័យខាងលើ មានឈ្មោះឱ បូរី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ចំណែកជនរងគ្រោះ មានឈ្មោះគង់ វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមេធាវី មានទីនៅក្នុងភូមិតាអិន សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយហូបបាយជុំគ្រួសារនៅផ្ទះឪពុកក្មេករបស់ខ្លួន ពេលនោះជនសង្ស័យមិនដឹងជាផឹកស្រាស្រវឹងមកពីណា ក៏បានជេរដៀមដាមជនរងគ្រោះថា “អញនឹងដកយករថយន្តហ្អែងឱ្យបាន” រួចបានជេរ ប្រមាថអាយុជីវិតជនរងគ្រោះ និងប្រពន្ធកូនជនរងគ្រោះទៀតផង។

ប្រភពបានបន្តថា ឮដូចនេះ ជនរងគ្រោះក៏ដើរចេញពីផ្ទះឪពុកក្មេករបស់ខ្លួនទៅឃាត់ជនសង្ស័យ កុំឱ្យស្រែកឡូឡា រួចប្រាប់ឱ្យជនសង្ស័យទៅដេក។ ស្រាប់តែពេលនោះជនសង្ស័យបានយកដុំថ្មការ៉ូឡា គប់ទៅត្រូវជើងជនរងគ្រោះ រួចស្ទុះទៅទាញយកបន្ទះក្តារវាយជនរងគ្រោះ ចំពីលើក្បាលចំហៀងខាងឆ្វេង បណ្តាលឱ្យបែកហូរឈាមដេរចំនួន១០ថ្នេរ។

ប្រភពបានបន្ថែមថា បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន និងទើបតែប្រើប្រាស់ថ្នាំញៀន រួច។

រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យខាងលើត្រូវបានលោកប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕

RELATED ARTICLES