ខេត្តកណ្តាល ៖ យុវជនម្នាក់ជិះម៉ូតូរោទិ៍សំឡេងឮៗទ្រហឹងពេញភូមិ ធ្វើឱ្យបុរសម្នាក់ខឹងពេកក៏ស្រែកឃាត់ ធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ លុះ២ថ្ងៃក្រោយមក ខណៈដែលយុវជនរោទិ៍ម៉ូតូឮៗកំពុងជិះម៉ូតូដឹកមិត្តភក្តិម្នាក់ទៀត ក៏ត្រូវបុរសជាគូទំនាស់ រួមនឹងបក្ខពួកម្នាក់ទៀត ព្រួតកាប់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ចំណែកក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងស្ពានលេខ៩ (ស្ពានតាហ៊ីង) ស្ថិតក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក។
ជនរងគ្រោះទាំង២នាក់ខាងលើ រួមមាន៖
ទី១-ឈ្មោះយ៉ យ៉ាំងតាវ អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើស្វាយ មានលំនៅ ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក។
ទី២-ឈ្មោះផាង ជីវឹង អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឡាន មានលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។

ចំណែកក្រុមជនដៃដល់ទាំង២នាក់ រួមមាន ៖
ទី១-ឈ្មោះអ៊ួន សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ
ទី២-ឈ្មោះវី វណ្ណៈ ភេទប្រុស មុខរបរកសិករ។ អ្នកទាំង២មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ២ថ្ងៃ ជនរងគ្រោះឈ្មោះយ៉ាំង តាវ បានខ្ចីម៉ូតូគេជិះដោយរោទិ៍សំឡេងឮខ្លាំងៗ រួចបើកចេញចូលក្នុងភូមិក្នុងល្បឿនយ៉ាងលឿន ខណៈនោះជនសង្ស័យខាងលើក៏បានប្រាប់ឈ្មោះតាវ ថា “ហ្អែងបើកម៉ូតូលឿនៗចឹង អញនឹងបិទផ្លូវហើយ” ចំណែកឈ្មោះតាវ បានឆ្លើយថា “ហ្អែងបិទៗទៅ”។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះតាវ និងឈ្មោះជី វឹង បានជូនមិត្តភក្តិពីព្រែកដាច់ទៅផ្ទះនៅខាងត្បូងស្ពានព្រែកតាហ៊ីង លុះពេលត្រឡប់មកវិញក៏ត្រូវជនសង្ស័យឈ្មោះខុម និងឈ្មោះវណ្ណៈ ស្ទាក់កាប់និងវាយបណ្តាលឱ្យរងរបួសតែម្តង។

ក្រោយពេលបង្កហេតុ ជនសង្ស័យទាំង២នាក់បានរត់គេចខ្លួនបាត់អស់។ ចំណែកឯជនរងគ្រោះឈ្មោះតាវ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ឯជនរងគ្រោះឈ្មោះជី វឹង សម្រាកព្យាបាលនៅផ្ទះ។
ពាក់ព័ន្ធករណីខាងលើនេះ ផ្នែកជំនាញនគរបាលយុត្តិធម៌កំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕