Monday, November 24, 2025
Homeព័ត៌មានជាតិគាត់ខំបែបនេះ កូនៗរំពឹងអីទៅ?

គាត់ខំបែបនេះ កូនៗរំពឹងអីទៅ?

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវក្រុមគ្រួសារអះអាងថា ចូលចិត្តផឹកស្រាខ្លាំងណាស់រហូតដល់ញៀនស្រាផ្តាច់មិនបាន និងថែមទាំងកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយទៀតផង លុះក្រោយពីផឹកស្រាស្រវឹងក៏ដើរដួលបោកក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣៦នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះស្ត្រីរងគ្រោះស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។

ស្ត្រីរងគ្រោះដែលកើតមានអាការខ្យល់គរស្លាប់យ៉ាងអាណោចអាធ័មខាងលើ មានឈ្មោះយ៉ិន ម៉ាលី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះស៊ឹង សៅ អាយុ៤៤ មុខរបរកម្មករសំណង់ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស១ ស្រី២) សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា កន្លងមកស្ត្រីរងគ្រោះជាមនុស្សញៀនស្រាស្រវឹងរៀងរាល់ថ្ងៃ ព្រមទាំងមានជំងឺលើសឈាមប្រចាំកាយទៀតផង។ រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានដើរពីផ្ទះទៅផ្លូវថ្នល់ពេលដើរជិតដល់ចិញ្ចើមផ្លូវ ស្រាប់តែជនរងគ្រោះដួលផ្ងារក្រោយមកលើដី ឃើញដូចនោះបងប្អូនក៏ទៅជួយធ្វើចលនា ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ជ័យធំ សហការជាមួយខាងជំនាញ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានចុះមកធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា សាកសពមានសភាពហូរឈាមចេញតាមមាត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរដោយសារស្ត្រីរងគ្រោះគឺជាមនុស្សញៀនស្រាផង និងមានជំងឺប្រចាំកាយផង។

ក្រោយពេលពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES