Monday, November 24, 2025
Homeព័ត៌មានជាតិពូទាហានអើយ បើគេបដិសេធមិនទៅផឹកជាមួយ ចាំបាច់ធ្វើចឹងធ្វើអី?

ពូទាហានអើយ បើគេបដិសេធមិនទៅផឹកជាមួយ ចាំបាច់ធ្វើចឹងធ្វើអី?

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបង្កហិង្សា គប់ទៅលើជនរងគ្រោះ១គ្រាប់ប៊ីយ៊ែរ បណ្តាលបែកថ្ងាសរងរបួសធ្ងន់ ខណៈដែលខឹងហៅជនរងគ្រោះមកផឹកស៊ីជាមួយ តែជនរងគ្រោះមិនព្រម។

ករណីហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចបុរីផុនស៊ុយ ផ្លូវបេតុង ក្រុមទី៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះជាម រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះមានឈ្មោះឡូញ ចិន្តា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ផ្ទះលេខ ៦១ ផ្លូវលំ ក្រុមទី៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (រងរបួសត្រង់ថ្ងាសខាងស្តាំ រលាត់ស្បែកចេញឈាម)។

រីឯវត្ថុតាងចាប់យក គ្រាប់ប៊ីយែរចំនួន១គ្រាប់ សម្ភារដកហូត រថយន្តមួយគ្រឿង ម៉ាកមែសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-6766 ជារថយន្តរបស់ជនសង្ស័យ។

តាមសម្តីរបស់ជនរងគ្រោះឈ្មោះឡូញ ចិន្តា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់កំពុងអង្គុយហូបចុកជុំគ្នានៅមុខផ្ទះជួលរបស់គាត់ ស្រាប់តែមួយសន្ទុះក្រោយមកជនសង្ស័យបានបើករថយន្តយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ពេលនោះគាត់ក៏បានសួរទៅអ្នកដែលអង្គុយហូបចុកជាមួយគ្នាថា មានស្គាល់ទេ អ្នកណាហ្នឹងបើករថយន្តលឿនយ៉ាងនេះ។

ជនរងគ្រោះបន្តថា ក្រោយមក ជនសង្ស័យក៏បើករថយន្តត្រឡប់មកវិញឈប់នៅក្បែរកន្លែងជនរងគ្រោះអង្គុយហូបចុក ហើយបានហៅជនរងគ្រោះឱ្យចូលទៅផឹកជាមួយខ្លួននៅក្នុងក្លឹបហាត់ប្រាណ ប៉ុន្តែជនរងគ្រោះមិនទៅ ពេលនោះជនសង្ស័យបានដើរចូលទៅកន្លែងក្លឹបហាត់ប្រាណ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានមកហៅជនរងគ្រោះម្តងទៀត ដោយប្រាប់ថា ម្ចាស់ក្លឹបឱ្យហៅពេលនោះជនរងគ្រោះក៏ដើរទៅជាមួយពេលដែលចូលទៅដល់ក្នុងរបងក្លឹបហាត់ប្រាណ ជនសង្ស័យបានធ្វើសកម្មភាពយកគ្រាប់ប៊ីយែរគប់មកលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរបួសចំថ្ងាសខាងស្តាំតែម្តង។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ ក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។

ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាល បានកសាងសំណុំរឿងនឹងបញ្ជូនជនសង្ស័យមកផ្នែកយុត្តិធម៌នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES