ខេត្តសៀមរាប ៖ មនុស្សប្រុសស្រីចំនួន២ក្រុមបានចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង ដោយអង្គុយតុក្បែរគ្នា លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែកក៏កើតជាជម្លោះពាក្យសម្តីនឹងគ្នាពីរឿងសម្លឹងមុខរហូតឈានដល់អំពើហិង្សាដោយភាគីបង្ក២នាក់ (ប្រុសស្រី) បានយកកែវស្រាវាយចំក្បាលគូទំនាស់ម្នាក់ បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន។ឥ
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្នុងហាងផឹកស៊ីយីហោ ធីមផលបារ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។
លុះមកដល់ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនបង្កប្រុសស្រីទាំង២នាក់ នាំយកមកសាកសួរ។

ជនរងគ្រោះដែលត្រូវគូទំនាស់វាយនឹងកែវស្រា បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ មានឈ្មោះឆៃ វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរយោធា មានលំនៅបច្ចុប្បន្ន ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកជនបង្ក មានឈ្មោះឡៅ ជីងលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមនឹងមិត្តភក្តិប៉ុន្មានទៀត បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ ដោយមិនទាន់បានផឹកផង កំពុងដើររកកន្លែងអង្គុយ ស្រាប់តែជួបនឹងជនបង្កឈ្មោះឡៅ ជីងលី ពេលនោះឈ្មោះតុប សុភក្ត្រា ជាមិត្តភក្តិរបស់ជនរងគ្រោះបានមើលមុខជនបង្ក ស្រាប់តែជនបង្កបាននិយាយថា “អាអែងមើលមុខអី?” ពេលនោះភាគីទាំងពីរបានប្រកែកគ្នា មួយប៉្រាវ។

ប្រភពបានបន្តថា បន្ទាប់មកជនបង្កបានស្ទុះមកវាយលើឈ្មោះតុប សុភក្ត្រា ឃើញបែបនេះជនរងគ្រោះក៏បានចូលទៅជួយឃាត់ ស្រាប់តែត្រូវជនបង្កយកកែវស្រា (កែវថ្ម) វាយមកលើជនរងគ្រោះ ត្រូវចំក្បាលបណ្តាលឱ្យបែកចំនួន២កន្លែង ផ្នែកខាងស្តាំដេរ៤ថ្នេរ ផ្នែកខាងឆ្វេងដាច់រយះដេរ១ថ្នេរ និងរងរបួសរយះលើចង្អុលដៃខាងស្តាំដេរចំនួន៣ថ្នេរ ចំណែកជនបង្កនៅពេលវាយទៅលើជនរងគ្រោះបណ្តាលឱ្យកែវបែកមុតដៃខ្លួនឯងត្រង់ប្រអប់ដៃខាងស្តាំ ដេរចំនួន៨ថ្នេរផងដែរ។
ប្រភពដដែលបន្តថា លុះមកដល់វេលាល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បាននាំខ្លួនភាគីទាំងសងខាងមកធ្វើការសាកសួរ ក្រោយពីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កឈ្មោះឡៅ ជីងលី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើឈ្មោះឆៃ វឌ្ឍនា បណ្តាលឱ្យ រងរបួសដូចបានរៀបរាប់ខាងលើពិតមែន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅតុលាការ ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕