Monday, November 24, 2025
Homeព័ត៌មានជាតិគ្រួសារបុរសបើកឡានក្រឡាប់ ចេញមុខប្រតិកម្ម

គ្រួសារបុរសបើកឡានក្រឡាប់ ចេញមុខប្រតិកម្ម

ភ្នំពេញ ៖ ក្រោយការចេញផ្សាយនូវអត្ថបទចំណងជើង “ផឹកស្រវឹងខឹងមិត្តភក្តិរត់ចោល បើកឡានក្រឡាប់” ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ រួចមក នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមគ្រួសាររបស់បុរសជាអ្នកបើកបររថយន្តក្រឡាប់បានចេញមុខប្រតិកម្មថា ករណីនេះមិនមែនជាការពិត ពោលគឺបុរសជាអ្នកបើកបរគ្រាន់តែផឹកស្រាស្រវឹង និងជួបគ្រោះថ្នាក់ជាយថាហេតុប៉ុណ្ណោះ មិនមែនដោយសារមូលហេតុខឹងអ្នកណាម្នាក់ដូចការលើកឡើងនោះឡើយ។

តាមប្រភពពីភរិយាបុរសជាអ្នកបើកបររថយន្តបានអះអាងថា គាត់ទទួលស្គាល់ថា ប្តីរបស់គាត់ស្រវឹងហើយបើកឡានបុកទ្រូងផ្លូវបណ្តាលឱ្យក្រឡាប់ ប៉ុន្តែនៅត្រង់ថា ប្តីគាត់ផឹកស៊ីស្រវឹងខឹងមិត្តភក្តិរត់ចោលអីនោះ គឺមិនមែនជាការពិតនោះទេ ពោលគឺគ្រោះថ្នាក់នេះកើតឡើងដោយយថាហេតុប៉ុណ្ណោះ មិនមែនប្តីគាត់ខឹងសម្បានឹងអ្នកណាម្នាក់ ទើបបង្កជាគ្រោះថ្នាក់បែបនេះទេ។

ស្ត្រីជាប្រពន្ធអ្នកបើកបររថយន្តបានបញ្ជាក់ទៀតថា មួយវិញទៀតចំពោះការលើកឡើងថា ប្តីរបស់គាត់បានទះកំផ្លៀងសន្តិសុខដែលជាអ្នកបានជួយពន្លត់រថយន្ត និងបានអូសទាញប្តីរបស់គាត់ចេញពីរថយន្តនោះ ក៏មិនមែនជាការពិតនោះដែរ ហើយគាត់ជាប្រពន្ធថែមទាំងបានអរគុណដល់បុរសជាសន្តិសុខដែលបានជួយសង្គ្រោះជីវិតប្តីរបស់គាត់ទៀតផង។

យ៉ាងណាក្តី ស្ត្រីជាប្រពន្ធរូបនេះបានអះអាងថា បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានក្រុមគ្រួសាររបស់គាត់ដោះស្រាយចប់សព្វគ្រប់ទៅហើយ ដោយបានផ្តល់សំណងចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យយករថយន្តមកធ្វើការជួសជុលប្រើប្រាស់វិញហើយ។

គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ៤៣២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបុរសម្នាក់ទើបនឹងចេញពីជប់លៀងជាមួយមិត្តភក្តិ លុះពេលត្រឡប់ទៅផ្ទះវិញក៏បើករថយន្តជ្រូលចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង។

បុរសជាអ្នកបើកឡានក្រឡាប់ផ្ងារជើងខាងលើ មានឈ្មោះសៅ ទិវា អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បើករថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX-330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-0336។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើបើកបររថយន្ត១គ្រឿងម៉ាក RX-330 ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកទ្រុងផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារជើង និងមានហុយផ្សែងចេញមកក្រៅ តែសំណាងល្អមិនឆេះឡានដោយសារបានប្រជាពលរដ្ឋប្រទះឃើញជួយយកទឹកទៅជះ និងបើកទ្វាររថយន្តទាញអ្នកបើកបរចេញមកក្រៅទាន់ពេលវេលា៕

RELATED ARTICLES