Monday, November 24, 2025
Homeព័ត៌មានជាតិមិនទាន់បានទៅដល់ជួបមិត្តភក្តិផង... ស្រាប់តែផ្អើលតែម្តង

មិនទាន់បានទៅដល់ជួបមិត្តភក្តិផង… ស្រាប់តែផ្អើលតែម្តង

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះបំណងទៅទទួលមិត្តភក្តិរបស់ខ្លួនមកលេងផ្ទះ ស្រាប់តែមិនទាន់ដល់គោលដៅផងក៏ត្រូវជនសង្ស័យ១ក្រុមស្ទាក់ផ្លូវវាយបណ្តាលឱ្យបែកក្បាល រួចប្លន់យកម៉ូតូតែមិនបានសម្រេច ដោយសារជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋចេញមកជួយអន្តរាគមន៍ធ្វើឱ្យក្រុមជនសង្ស័យភ័យរត់បាតជើងសព្រាត។

ករណីស្ទាក់វ៉ៃប្លន់ម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុងខាងក្រោយវត្តភ្នៀត ក្នុងភូមិស្នោលិច សង្កាត់ស្នោ ខណ្ឌកំបូល។

ជនរងគ្រោះដែលត្រូវជនសង្ស័យស្ទាក់វ៉ៃបែកក្បាល ប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេចនោះ មានឈ្មោះឡុច សុខលី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលលាត់ សង្កាត់កំបូល ខណ្ឌកំបូល ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១១០ (សង់បិច) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BT-4078។

តាមសម្តីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូខាងលើ ទៅយកមិត្តភក្តិនៅឯជិតភ្នំបាសិត ដើម្បីឌុបមកលេងនៅផ្ទះរបស់ខ្លួន។ លុះពេលជិះម៉ូតូបានពាក់កណ្តាលផ្លូវមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិច មិនចាំស្លាកលេខ បានតាមមកពីក្រោយទន្ទឹមនឹងម៉ូតូរបស់ខ្លួន ក៏បានយកមួកសុវត្ថិភាពវាយរូបគេបណ្តាលឱ្យដួលម៉ូតូចូលកប់ភក់ ហើយជនសង្ស័យបានដេញវាយរូបគេធ្វើឱ្យគេភ័យរត់ចោលម៉ូតូ។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក រូបគេបានរត់មកយកម៉ូតូវិញក៏ត្រូវជនសង្ស័យទាំង២នាក់ បានយកដំបងដេញវាយរូបគេម្តងទៀត បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ហើយរំពេចនោះរូបគេបានស្រែកឆោឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ ព្រមទាំងប្រជាការពារដែលយាមនៅជិតវត្តនាំគ្នាមកជួយនិងដេញតាមក្រុមជនសង្ស័យ តែមិនទាន់ពួកគេបានជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋឃើញជនរងគ្រោះប្រឡាក់សុទ្ធតែភក់និងរងរបួសផងនោះ ក៏បានទាក់ទងទៅក្រុមគ្រួសារដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ស្នោ រង់ចាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង និងប្រគល់ម៉ូតូឱ្យជនរងគ្រោះវិញ៕

RELATED ARTICLES