ភ្នំពេញ ៖ មនុស្សប្រុសស្រី១ក្រុម មានគ្នា៥-៦នាក់ បាននាំគ្នាចូលទៅផឹកស៊ីក្នុងហាងខារ៉ាអូខេ១កន្លែង លុះក្រោយពេលផឹកស្រវឹងស្រឿងៗភ្ញៀវប្រុសម្នាក់ក្នុងចំណោមនោះបានហៅនារីជាបុគ្គលិកហាងខារ៉ាអូខេឱ្យមកអង្គុយកំដរខ្លួន តែមិនទាន់បានកំដរផងក៏កើតមានទំនាស់តឹងសរសៃកដាក់គ្នា និងត្រូវបុរសជាភ្ញៀវរូបនោះទប់កំហឹងមិនជាប់ក៏វាយទៅលើនារីរងគ្រោះបណ្តាលឱ្យរងរបួសប៉ោងមុខ។

ហេតុការណ៍ផ្ទុះអំពើហិង្សាក្នុងហាងខារ៉ាអូខេនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេដេអឹម មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនេរុហ៏ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក។

នារីរងគ្រោះដែលជាបុគ្គលិកបម្រីការក្នុងខារ៉ាអូខេខាងលើ និងជនបង្កដែលជាភ្ញៀវសុទ្ធតែមិនត្រូវបានគេស្គាល់អត្តសញ្ញាណដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានភ្ញៀវមួយក្រុម មានប្រុសមានស្រី៥-៦នាក់បាននាំគ្នាចូលមកផឹកស៊ីច្រៀងលេងនៅក្នុងខារ៉ាអូខេដេអិន ក៏មានភ្ញៀវប្រុសម្នាក់ក្នុងចំណោមនោះបានហៅនារីរងគ្រោះឱ្យមកអង្គុយកំដរខ្លួន លុះមិនទាន់បានអីផងក៏កើតមានទំនាស់នឹងគ្នា។

ប្រភពបានបន្តថា ភ្លាមនោះជនបង្កបានស្ទុះទៅវាយនារីរងគ្រោះ ទើបនារីរងគ្រោះខឹងក៏យកកែវស្រាគប់ទៅភ្ញៀវនោះវិញ ឃើញសភាពដូច្នោះក្រុមភ្ញៀវទាំងនោះបានព្រួតគ្នាវាយទៅលើនារីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងខាងលើ ហើយឃាត់ខ្លួនជនដៃដល់ដែលជាភ្លៀវទាំងនោះទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតីវិធី៕

