ខេត្តសៀមរាប ៖ បុរសម្នាក់ឧស្សាហ៍កើតមានទំនាស់ក្នុងគ្រួសារខ្លាំងណាស់ និងជាមនុស្សចូលចិត្តផឹកស្រាជាប់ជាប្រចាំ លុះក្រោយពេលផឹកស្រវឹងជោក ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្រោមផ្ទះ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចធ្នឹមក្រោមផ្ទះ ក្រុមទី៥ ភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះសេង ហាក់ ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងផ្ទះ មានលំនៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធឈ្មោះថន ថង ត្រូវជាប្រពន្ធជនរងគ្រោះ ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងជារៀងរាល់ថ្ងៃ និងឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីជាមួយគាត់ជាប្រពន្ធខ្លាំងណាស់។

នៅមុនពេលកើតហេតុ ប្តីគាត់បានផឹកស្រារហូតដល់ស្រវឹងជោក លុះមកដល់ផ្ទះវិញក៏រករឿងឈ្លោះជាមួយគាត់១ប្រាវ រួចក៏ចូលទៅសម្ងំដេកបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់ក៏បានក្រោកចេញទៅចងកសម្លាប់ខ្លួននៅក្រោមផ្ទះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះចងកសម្លាប់ខ្លួនពិតប្រាកដមែន ក្រៅពីនេះពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ រួចបញ្ជូនសពឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕