ខេត្តកណ្តាល ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះក្រោយពីស្រវឹងជោកជាំក៏ដើរចេញបាត់ពីផ្ទះអស់រយៈពេល២ថ្ងៃ ស្រាប់តែត្រូវគេប្រទះឃើញក្លាយជាសាកសពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នោចំណុចភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល។

សាកសពជនរងគ្រោះដែលស្លាប់អណ្តែតទឹក មានឈ្មោះដាំ ជឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កន្លងមកជនរងគ្រោះជាមនុស្សញៀនស្រាស្រវឹងរាល់ថ្ងៃ រហូតដល់េវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះស្ថិតក្នុងសភាពមមើមមាយស្រែកឡូឡាហើយក្រោកដើរចេញពីផ្ទះបាត់ទៅ។

លុះមកដល់វេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះសក អុន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានឃើញសាកសពអណ្តែតទឹកចំណុចកំពង់ទឹករបស់ឈ្មោះព្រឿង ធឿន នៅភូមិឃុំកើតហេតុ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ចម្លង ហើយសមត្ថកិច្ចបានមកស្រង់ ទើបស្គាល់ថាជាឈ្មោះដាំ ជឿន។

បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ មេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាពហើមប៉ោងពោះហូរទឹកចេញតាមមាត់ និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។

តាមការសន្និដ្ឋាន សាកសពបានស្លាប់ដោយសារលង់ទឹកក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕