ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកក៏ប្រមូលសំរាមយកទៅដុតនៅក្បែរព្រំដី លុះម្ចាស់ព្រំដីម្ខាងទៀតចេញមកសួរនាំ ស្រាប់តែកើតជាជម្លោះនិងឈានដល់អំពើហិង្សាដោយបុរសស្រវឹងទាញចំរៀកហ្វីប្រូស៊ីម៉ង់ត៍ វាយទៅលើគូទំនាស់ បណ្តាលរយះស្លឹកត្រចៀក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះមានឈ្មោះទូច ឈាងលីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ រងរបួសត្រចៀកខាងស្តាំ១កន្លែងដាច់ចេញឈាម មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះឡែម ឥស្សារៈ ហៅរ៉ា អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ចំណែកវត្ថុតាងដែលត្រូវសមត្ថកិច្ចចាប់យកមាន បន្ទះហ្វីប្រូស៊ីម៉ង់ត៍ចំនួន១ចំរៀក។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៥ល្ងាចថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យមានសភាពស្រវឹងស្រា ហើយយកសំរាមទៅដុតនៅក្បែរព្រំដីរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានចេញមកសួរថា ម៉េចបានដុតសំរាមនៅកន្លែងហ្នឹង? ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសំដីនឹងគ្នា រហូតដល់ជនសង្ស័យទប់កំហឹងមិនបាន ក៏ស្ទុះទៅយកបន្ទះក្បឿងហ្វីប្រូស៊ីម៉ង់ត៍១ចំរៀក មកវាយលើជនរងគ្រោះចំស្លឹកត្រចៀកខាងស្តាំបណ្តាលឱ្យដាច់រយះចេញឈាម។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំជ័យធំ ដើម្បីឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើរួចមក កម្លាំងសមត្ថកិច្ចក៏បានចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕