ខេត្តមណ្ឌលគិរី ៖ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្តចាប់ខ្លួនមន្ត្រី៣នាក់ទៀត រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ត្រីបរិស្ថានម្នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ ពួកគេទាំង៣នាក់ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្ត្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេស បានថ្លែងបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៣នាក់ខាងលើត្រូវចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលក្នុងនោះរួមមាន ទី១.លោកហាន សុខន ប្រធានការិយាល័យ និងជានាយកដែនជម្រកសត្វព្រៃលំផាត់។ ទី២.លោក សារ៉ូ រតនា នាយករងរដ្ឋបាលព្រៃឈើ។ និងទី៣.លោកហុង វណ្ណនេ នាយសង្កាត់រដ្ឋបាលព្រៃឈើរយៈ ក្នុងស្រុកលំផាត់។

ប្រភពដដែលបញ្ជាក់ទៀតថា មន្ត្រីទាំង៣រូបនេះជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើជាមួយក្រុមហ៊ុនប៉ាស៊ីហ្វិក ដែលក្នុងនោះក៏ជាប់ពាក់ព័ន្ធជាមួយក្រុមជនជាតិវៀតណាម ដែលត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ជនដែលពាក់ព័ន្ធផ្សេងទៀតមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនៅឡើយទេ ដោយសារតែការចាប់ខ្លួនបន្តទៀតនោះ ដោយយោងទៅតាមការឆ្លើយដាក់បន្ទុក មានសាក្សី ភ័ស្តុតាង និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ដោយឡែកនៅថ្ងៃនេះ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ត្រី៣នាក់ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្រុមហ៊ុនប៉ាស៊ីហ្វិក ត្រូវបានឃាត់ខ្លួន ហើយបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីហើយ។
ជាមួយគ្នានេះ មេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា លោកសាក់ សារុន ដែលជាប្អូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏ត្រូវចាប់ខ្លួនបានហើយ តាមសាលដីការបស់តុលាការ៕