Monday, November 24, 2025
Homeព័ត៌មានជាតិម្តាយកាប់ដើមចេក... កូនប្រុសស្រែកសឹងភ្លាត់មាត់ហៅអ្នកជិតខាង

ម្តាយកាប់ដើមចេក… កូនប្រុសស្រែកសឹងភ្លាត់មាត់ហៅអ្នកជិតខាង

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់បន្ទាប់ពីស្ត្រីរងគ្រោះបានយកកាំបិតកកុក ដែលអត់មានដងទៅកាប់ដើមចេកនៅក្នុងបរិវេណដីភូមិរបស់ខ្លួនមិនបានប្រយ័ត្ន ក៏ត្រូវចំខ្សែភ្លើងបណ្តាលឱ្យឆ្លងឆក់តែម្តង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះលាង យ៉ាត ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅកន្លែងកើតហេតុ។ នៅមុនពេលកើតមានគ្រោះថ្នាក់អកុសលនេះ នៅវេលាខាងលើស្ត្រីរងគ្រោះបានយកកាំបិតដែលអត់ដងទៅកាប់ដើមចេកនៅក្នុងបរិវេណដីភូមិរបស់ខ្លួន ដោយមិនបានមើលខ្សែភ្លើងដែលអូសកាត់ជាប់ដើមចេកនោះ ក៏បណ្តាលឱ្យត្រូវខ្សែភ្លើងដាច់ឆ្លងចរន្តឆក់ដួលប្រូសទៅនឹងដី។

ប្រភពដដែលបានឱ្យដឹងទៀតថា ខណៈនោះកូនប្រុសរបស់ស្ត្រីរងគ្រោះក្រឡេកទៅឃើញម្តាយឆក់ខ្សែភ្លើងក៏ស្រែកឆោឡោហៅអ្នកក្បែរខាងឱ្យជួយលើកដាក់រថយន្តយកទៅសង្គ្រោះតែពេលដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា ស្ត្រីរងគ្រោះស្លាប់បាត់ទៅហើយទើបនាំគ្នាដឹកសពមកកាន់លំនៅឋានវិញទាំងក្តីសោកសង្រេងស្រណោះអាល័យពីក្រុមគ្រួសារ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងសនិដ្ឋានថា ស្ត្រីរងគ្រោះពិតជាត្រូវចរន្តភ្លើងឆក់បណ្តាលឱ្យស្លាប់ប្រាកដមែន ទើបប្រគល់សពឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES