ខេត្តព្រះសីហនុ ៖ ជារឿងដ៏គួរឱ្យស្រៀវសាច់និងអាណោចអាធ័មបំផុត ខណៈដែលបុរសជាជាងដែកម្នាក់កំពុងអង្គុយកាត់ដែកដោយប្រើខ្យល់អុកស៊ីសែនសុខៗ មិនដឹងជាយ៉ាងម៉េចស្រាប់តែធុងខ្យល់អុកស៊ីសែនដែលនៅក្បែរនោះបានផ្ទុះឡើងលាន់លឺយ៉ាងកក្រើក និងធ្វើឱ្យក្បាលរបស់បុរសជាជាងដែករូបនោះបានដាច់ចេញពីដងខ្លួន រួចខ្ទាតចេញប្រមាណជិត១០០ម៉ែត្រ គួរឱ្យរន្ធត់បំផុត។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចម្ការត្របែក ស្ថិតនៅក្រុម២០ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលរងគ្រោះដោយសារផ្ទុះធុងអុកស៊ីសែនដាច់ក្បាលចេញពីដងខ្លួននេះ មានឈ្មោះពត សុផាត់ អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ និងមានស្រុកកំណើតនៅខេត្តតាកែវ។

ប្រភពដដែលបន្តថា ជនរងគ្រោះគឺជាកម្មករកាត់ដែកដោយប្រើប្រាស់បំពង់អុកស៊ីសែន។ នៅថ្ងៃកើតហេតុជនរងគ្រោះបានអង្គុយកាត់ដែកអស់ជាច្រើនមកហើយ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ដែលជាពេលល្ងាចកិច្ចការរបស់ជនរងគ្រោះជិតបង្ហើយអស់ទៅហើយ ស្រាប់តែមិនដឹងជាយ៉ាងម៉េចធុងអុកស៊ីសែននោះក៏ផ្ទុះលាន់ដូចគ្រាប់បែក ហុយដីមើលអ្វីមិនឃើញអស់មួយសន្ទុះក៏ស្រឡះវិញ ស្រាប់តែគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅកន្លែងកើតហេតុ ក៏នាំគ្នាស្ទុះទៅលើកស្រាប់តែបាត់ក្បាលមិនដឹងទៅណា ក៏ស្រែកឆោឡោ ហើយនាំគ្នាដើររកក៏ឃើញនៅឃ្លាតពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ។

បច្ចុប្បន្នសាកសពរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
