ខេត្តកណ្តាល ៖ បុរសម្នាក់ទើបនឹងចេញពីគុកថ្មីៗ ស្រាប់តែបែកគំនិតខ្ចីម៉ូតូមិត្តភក្តិរួចក៏យកទៅលក់ស៊ីចាយអស់ លុះត្រឡប់មកវិញក៏ត្រូវមិត្តភក្តិប្តឹងសមត្ថកិច្ចចាប់វាយខ្នោះអូសកចូលដេកគុកវិញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចឃុំកោះខែល ស្រុកស្អាង។
ករណីខ្ចីម៉ូតូមិត្តភក្តិយកទៅលក់ចាយអស់នេះបានកើតឡើងតាំងពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង។ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យតែម្តង។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះហ៊ សុខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរព្រូឡាន មានលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យមានឈ្មោះពួក ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញដូរថ្នាំញៀន។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ១គ្រឿងម៉ាក MSX ជិះចេញទៅរួចក៏បាត់ខ្លួនរហូតមិនឃើញយកម៉ូតូមកប្រគល់ឱ្យម្ចាស់គេវិញនោះទេ។ លុះរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យត្រឡប់មកផ្ទះវិញ តែមិនឃើញម៉ូតូរបស់ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកោះខែលឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានខ្ចីម៉ូតួរបស់ជនរងគ្រោះជិះមែន ហើយក៏បានយកទៅលក់ដើរចាយវាយអស់ទៅហើយ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕