Sunday, November 23, 2025
Homeព័ត៌មានជាតិនាំគ្នាអង្គុយចាំស្តាប់ការអះអាងរបស់គាត់... បើគ្រួសារខ្លះអស់រហូតដល់៨ម៉ឺនដុល្លារ

នាំគ្នាអង្គុយចាំស្តាប់ការអះអាងរបស់គាត់… បើគ្រួសារខ្លះអស់រហូតដល់៨ម៉ឺនដុល្លារ

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចំនួន៣០គ្រួសារបានប្តឹងស្នើទៅអាជ្ញាធរឃុំទឹកល្អក់ ស្រុកព្រៃនប់ មិនឱ្យស្ត្រីរូបនេះចេញទៅធ្វើការនៅឆ្ងាយពីស្រុកភូមិ បន្ទាប់ពីស្ត្រីខាងលើនេះត្រូវបានពលរដ្ឋអះអាងថាបានជំពាក់លុយពួកគាត់តាមបែបចងការប្រាក់ សរុបគិតតែប្រាក់ដើមជាង២០ម៉ឺនដុល្លារ និងជាង៩០លានរៀល។

ស្ត្រីដែលជំពាក់បំណុលប្រជាពលរដ្ឋជុំទិស មានឈ្មោះឃឿន ឃួន អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់។

លោកហាក់ សាន់ មេឃុំទឹកល្អក់ ស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋប្រមាណជា៣០គ្រួសារក្នុងឃុំទឹកល្អក់ នាំគ្នាមកប្រមូលផ្តុំនៅសាលាឃុំស្នើដល់អាជ្ញាធរឃុំជួយអន្តរាគមន៍ឃាត់មិនឱ្យស្ត្រីឈ្មោះឃឿន ឃួន ចេញពីភូមិ ទៅធ្វើការនៅឆ្ងាយពីស្រុកភូមិ ដោយពួកគាត់តម្រូវឱ្យស្ត្រីខាងលើដោះស្រាយពាក់ព័ន្ធនឹងជំពាក់ប្រាក់សិន។

តាមពលរដ្ឋដែលលើកគ្នាទៅសាលាឃុំ បាននិយាយដូចៗគ្នាថាស្ត្រីឈ្មោះឃឿន ឃួន នេះ បានធ្វើសកម្មភាពដើរប្រមូលប្រាក់ពីពួកគាត់តាមបែបផ្តល់ការប្រាក់ មានគ្រួសារខ្លះរយៈពេល៣ថ្ងៃ ទទួលបានប្រាក់ការពីស្ត្រីនោះម្តង ហើយខ្លះរយៈពេល១អាទិត្យទើបបានការប្រាក់តាមលក្ខខណ្ឌព្រមព្រៀងមាត់និងមាត់ ដោយមិនមានក្រដាសស្នាមអ្វីឡើយ។

ប្រភពដដែលបានបន្តថា ប្រាក់ដែលត្រូវបានស្ត្រីនោះដើរយកតាមគ្រួសារនីមួយៗមានគ្រួសារខ្លះជិត១០០០ដុល្លារ ខ្លះ៣៥០០ដុល្លារ រហូតខ្លះដល់៨ម៉ឺនដុល្លារក៏មាន ដោយសកម្មភាពនេះត្រូវបានស្ត្រីខាងលើប្រាប់តាមគ្រួសារនីមួយៗ មិនឱ្យនិយាយខ្ចរខ្ចាយឡើយ ហើយអ្វីដែលធ្វើឱ្យពួកគាត់ជឿលើស្ត្រីនោះ ព្រោះកន្លងមកពួកគាត់ដឹងថា ស្ត្រីនោះធ្លាប់ធ្វើការក្នុងស្ថាប័នឯកជនមួយ ពាក់ព័ន្ធកម្ចីការប្រាក់ដែរ ហើយអ្វីដែលគាត់មិននឹកស្មានដល់នោះ ស្ត្រីនោះបានឈប់ពីការងារនោះយូរមកហើយ។

លោកស្រីតាន់ ឡុង តំណាងពលរដ្ឋទាំងអស់ដែលមកប្តឹងដល់សាលាឃុំនេះ បាននិយាយខ្លីថា ចំពោះអ្វីដែលគាត់សុំដល់អាជ្ញាធរជួយគឺសុំឱ្យស្ត្រីនោះសងលុយខ្លះដល់ពួគគាត់តាមលទ្ធភាព ដែលមានស្រាប់ ហើយនៅបន្តរាល់ពេលដែលស្ត្រីនោះចេញទៅធ្វើការ ត្រូវដកប្រាក់ខែ ខ្លះបង់រំលោះជាប្រចាំខែ មកទុកតម្កល់នៅសាលាឃុំ១ឆ្នាំទើប ក្រុមពួកគាត់ចែកគ្នាម្តង។

ស្ត្រីឈ្មោះឃឿន ឃួន ដែលត្រូវបានពលរដ្ឋឈរព័ទ្ធជុំវិញ បាននិយាយទាំងទឹកមុខស្មើធម្មតាថា បញ្ហាខាងលើនេះមានមែន តែក្នុងរយៈពេល១ឆ្នាំកន្លងមក គាត់បានផ្តល់ជាប្រាក់ការខ្លះៗជូនខ្លះដែរ។

ស្ត្រីរូបនោះបន្តថា ប្រាក់ដែលគាត់ដើរប្រមូល គឺយកពីគ្រួសារមួយទៅឱ្យជាការប្រាក់ដល់គ្រួសារមួយទៀត រំលោះការជំពាក់។ ចំពោះបញ្ហានេះ គាត់មិនថាមិនសងទេ ដោយអះអាងថា ចាំលក់ដីផ្ទះនិងដីស្រែបាន នឹងសងខ្លះសិន ហើយបន្ទាប់មកគាត់នឹងចេញទៅធ្វើការបានប្រាក់ខែសងរំលោះតាមរយៈតម្កល់ប្រាក់នៅសាលាឃុំ៕

RELATED ARTICLES