ខេត្តកំពង់ធំ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ មូលហេតុដោយផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក។

ម្ចាស់ផ្ទះទី១-មានឈ្មោះសាយ កុសល់ ភេទប្រុស អាយុ៤៤ឆ្នាំ មានប្រពន្ធឈ្មោះសៀង គឹមហ៊ាន់ អាយុ៣៩ឆ្នាំ។ ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណនឹង១២ ម៉ែត្រ សង់ពីឈើប្រក់ក្បឿងជញ្ជាំងក្តារខូចខាតទាំងស្រុង ទូរទស្សន៍ចំនួន១គ្រឿងធុង បាស់ចំនួន១គូ ប្រាក់ដុល្លារចំនួន៣០០០ដុល្លារ មាស៨ជី រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ម្ចាស់ផ្ទះទី២-មានឈ្មោះអៀន អឿន ភេទប្រុស អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះសំភាន់ អាយុ៤០ឆ្នាំ។ ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ខូចខាតប្រហែល២០ភាគរយ។

ម្ចាស់ផ្ទះទី៣-មានឈ្មោះសាយ មី ភេទស្រី អាយុ៦៩ឆ្នាំ។ ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ សង់ពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ខូចខាតប្រហែល២០ភាគរយ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានគ្រោះអគ្គិភ័យខាងលើសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចេញមកជួយអន្តរាគមន៍ចំនួន១គ្រឿងនិងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន៥រថយន្តស្មើនឹង២០ម៉ែត្រគូប។

ចំណែកកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ប្រើប្រាស់កម្លាំងសរុបចំនួន៥៤នាក់ រួមមាន កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន១០នាក់ កម្លាំងប៉ុស្តិ៍ចំនួន៧នាក់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន៥នាក់ កម្លាំងអាវុធហត្ថចំនួន១២នាក់ និងកម្លាំងប្រជាការពារចំនួន២០នាក់៕
