ខេត្តស្វាយរៀង ៖ បុរសម្នាក់បានកើតមានជម្លោះជាមួយនឹងប្រពន្ធ១យប់១ថ្ងៃ លុះស្អែកឡើងក៏បានទៅផឹកស្រារហូតដល់ស្រវឹងជោក ក៏ចាប់ផ្តើមមួម៉ៅក្តៅចិត្តរករឿងឈ្លោះប្រកែកដេញកាប់ឪពុកក្មេក លុះពូសាច់ថ្លៃឃើញក៏ចូលមកឃាត់ ស្រាប់តែបុរសកំណាចបានទាញញញួរសំពងក្បាលពូសាច់ថ្លៃបណ្តាលឱ្យរងរបួសធ្ងន់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិឫស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលបង្កហិង្សាទៅលើពូសាច់ថ្លៃនិងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ ធីតា ហៅទិត្យ អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ ភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍។ ចំណែកជនរងគ្រោះមានឈ្មោះសៅ សាអែម អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសត្រូវមួយញញួរចំក្បាលគ្រូពេទ្យដេរអស់៧ថ្នេរ។
តាមសម្តីបុរសឈ្មោះ សៅ វណ្ណា អាយុ៤៨ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនសង្ស័យនិងត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចដឹងថា នៅមុនថ្ងៃកើតហេតុជនសង្ស័យត្រូវជាកូនប្រសារបស់គាត់បានកើតមានជម្លោះជាមួយប្រពន្ធរយៈពេលមួយយប់មួយថ្ងៃមកហើយ។ លុះក្រោយមកនៅថ្ងៃកើតហេតុជនសង្ស័យក៏បានទៅផឹកស្រារហូតដល់ស្រវឹង រួចត្រឡប់មកផ្ទះវិញ ស្រាប់តែទាញយកដាវសាមូរ៉ៃនិងញញួរ ជិះម៉ូតូមករករឿងជេរដៀលគាត់ជាឪពុកក្មេកដល់ផ្ទះ ធ្វើឱ្យគាត់មានការភិតភ័យយ៉ាងខ្លាំងនិងរត់ទៅផ្ទះប្អូនបង្កើត (ជនរងគ្រោះឈ្មោះសៅ សាអែម) ឱ្យជួយអន្តរាគមន៍ឃាត់កូនប្រសា ពេលមកដល់ស្រាប់តែជនសង្ស័យវាយនឹងញញួរត្រូវចំក្បាល បង្កការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លូននៅប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅពេទ្យឯកជន៕