ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាកម្មករដាក់លូតាមផ្លូវអាស៊ានចំនួនប្រមាណជាង៣០នាក់ កំពុងរងទុក្ខសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយពួកគាត់ ព្រោះអ្នកម៉ៅការដែលជួយពួកគាត់ឱ្យធ្វើការជំពាក់ប្រាក់មិនព្រមបើកឱ្យរយៈពេល៣ខែហើយ ហើយចុងក្រោយក៏រត់បាត់ទៀត។

បើតាមតំណាងរបស់កម្មករផ្លូវថ្នល់ជាង៣០នាក់ ដែលត្រូវថៅកែម៉ៅការមិនបើកប្រាក់ឱ្យខាងលើនេះ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថាពួកគាត់បានមកធ្វើជាកម្មករដាក់លូតាមផ្លូវអាស៊ាននៅចំណុចភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះ ជាង១ឆ្នាំមកហើយ តែក្នុងរយៈពេលចុងក្រោយនេះគឺតាំងពីខែ៣ ឆ្នាំ២០១៩ មកដល់ខែ៧ ឆ្នាំ២០១៩ ថៅកែពុំបានបើកប្រាក់ខែឱ្យកម្មករនោះទេហើយបច្ចុប្បន្នអ្នកម៉ៅការសំណង់ខាងលើនេះក៏បានរត់ចោលកម្មករបាត់ទៅទៀត ដោយពួកគាត់មិនដឹងទៅតាមរកអ្នកម៉ៅការនោះនៅឯណាទេ គ្រាន់តែដឹងថាអ្នកម៉ៅការឈ្មោះមរកត ភេទប្រុស នៅខេត្តព្រៃវែង។

ក្រុមកម្មករពួកគាត់បានឱ្យដឹងទៀតថា ប្រាក់ដែលអ្នកម៉ៅការជំពាក់ពួកគាត់ដោយអ្នកខ្លះ៥០ម៉ឺនរៀល អ្នកខ្លះជាង១លានរៀល និងអ្នកខ្លះទៀតរហូតទៅដល់ជាង២លានរៀលក៏មាន។

ពួកគាត់ស្នើសុំដល់អាជ្ញាធរក៏ដូចជាសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវលើ ករណីនេះដើម្បីបានប្រាក់កម្រៃពលកម្មដែលពួកគាត់ខំធ្វើការដោយចំណាយពេលវេលានិងកម្លាំងកាយ រយៈពេលជាង៣ខែកន្លងមកនេះជូនពួកគាត់ផង ដែលគ្រប់គ្នាកំពុងជួបការខ្វះខាតក្នុងជីភាពត្រូវការហូបចុកប្រចាំថ្ងៃជំពាក់គេ អ្នកខ្លះត្រូវបង់ប្រាក់ធនាគារ មិនដឹងជាទៅរកប្រាក់ឯណា៕

