Sunday, November 23, 2025
Homeព័ត៌មានជាតិរៀបចំឡើងឆាកសម្តែងទៅហើយ តួឯកល្ខោនចោរលួចម៉ូតូបាត់ ដើររកផ្អើលប្រជាពលរដ្ឋ

រៀបចំឡើងឆាកសម្តែងទៅហើយ តួឯកល្ខោនចោរលួចម៉ូតូបាត់ ដើររកផ្អើលប្រជាពលរដ្ឋ

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងហួសចិត្តមួយសម្រាប់យុវជនជាតួល្ខោនម្នាក់នេះ ខណៈដែលកំពុងតុបតែងខ្លួនផាត់មុខលាបម្សៅ រៀបចំឡើងឆាកសម្តែងទៅហើយ ស្រាប់តែត្រូវចោរលួចម៉ូតូបាត់ ធ្វើឱ្យជនរងគ្រោះផ្អាកសម្តែងល្ខោនដើរតាមរកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួល្ខោន លុះតាមរកមិនឃើញ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ទាំងជាប់ម្សៅពេញមុខធ្វើឱ្យប៉ូលិសភ្ញាក់ផ្អើលគ្រប់ៗគ្នា។

ករណីតួឯកល្ខោនបាត់ម៉ូតូនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងល្ខោនបាសាក់មួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើ មានឈ្មោះជីម សុធារី អាយុ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។  ចំណែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-8857។

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុវង់ល្ខោនបាសាក់របស់ពួកគាត់បានមកសម្តែងល្ខោនបាសាក់នៅភូមិឃុំកើតហេតុខាងលើ អស់រយៈពេលមួយសប្តាហ៍មកហើយ ដោយការសម្តែងល្ខោនបាសាក់នេះមិនមែនមានកម្មវិធីបុណ្យអ្វីនោះទេ គឺសម្តែងដើម្បីរៃអង្គាសថវិកានិងប្រាក់ឧបត្ថម្ភយកទៅផ្គត់ផ្គង់ដល់ក្រុមល្ខោនដែលខ្វះខាតប៉ុណ្ណោះ។  ចំណែករឿងដែលត្រូវសម្តែងនៅយប់កើតហេតុនេះ គឺមានចំណងជើងថា “សូរិយាអស្តង្គត” ហើយខ្លួនជាជនរងគ្រោះត្រូវសម្តែងជាតួឯកទៀតផង។

ជនរងគ្រោះបានបន្តថា នៅមុនពេលកើតហេតុរូបគេបានទុកម៉ូតូនៅមុខឆាកល្ខោនហើយកំពុងតែផាត់មុខលាបម្សៅ ដើម្បីសម្តែងជូនបងប្អូនប្រិយមិត្តទស្សនា លុះផាត់មុខលាបម្សៅរួចហើយ បំរុងនឹងឡើងសម្តែងទៅហើយ  ក៏ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនដែលទុកនៅមុខឆាក ក៏បង្កឱ្យមានការផ្អើលឆោឡោនិងផ្អាកការសម្តែងភ្លាមៗតែម្តង និងបានព្យាយាមដើរតាមរកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួឯកល្ខោនបាសាក់ផងដែរ តែរកមិនឃើញសោះ។

ក្រោយពីដើររកម៉ូតូគ្រប់ទីកន្លែងអស់ហើយ នៅតែមិនឃើញទើបជនរងគ្រោះរត់ទៅប្តឹងទាំងគ្រងសម្លៀកបំពាក់ជាតួល្ខោនបាសាក់  ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ និងរកម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់នោះផងដែរ ព្រោះជនរងគ្រោះកំពុងជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង៕

RELATED ARTICLES