Sunday, November 23, 2025
Homeព័ត៌មានជាតិសង្ស័យនាងស្រវឹងស្រា... ប្រកែកគ្នាឡើងតឹងសសៃក ផ្អើលដល់ប្រជាពលរដ្ឋ

សង្ស័យនាងស្រវឹងស្រា… ប្រកែកគ្នាឡើងតឹងសសៃក ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ទំនងជាផឹកស្រាស្រវឹងបានបើករថយន្តជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរឆ្លងកាត់ផ្លូវបំបែកជា៤ កណ្តាលភ្លើងស្តុប ធ្វើឱ្យរថយន្ត១គ្រឿងនោះ ខ្ទាតទៅចិញ្ចើមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា  ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ម៉ាកតូយ៉ូតាព្រូស ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច  ខណៈមកដល់ចំណុចភ្លើងស្តុបកែងនឹងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក កាមរីហាយប៊្រីត ពណ៌ស ពាក់ស្លាកភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់មានស្ថានភាពស្រវឹងស្រាចំពីចំហៀងពេញទំហឹង ធ្វើឱ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចើមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច។

ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ប៉ុន្តែក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃកផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់។

បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES