ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលបានព្រួតគ្នាធ្វើសកម្មភាពកាប់ថៅកែកាប់គោម្នាក់បណ្តាលឱ្យរងរបួសធ្ងន់រួចបាញ់គំរាម៣គ្រាប់មិនឱ្យមិត្តភក្តិជនរងគ្រោះចូលជួយក្នុងជម្លោះពាក្យសម្តីក្រោយពីផឹកស៊ីស្រវឹងនៅចំណុចខាងក្រោយភោជនីយដ្ឋាននួនប្រុស ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចខណ្ឌជ្រោយចង្វាដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខៃ សាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាម្ចាស់អាវុធ ម៉ាក K54 ជាមន្ត្រីប៉ុស្តិ៍គោកឃ្លាង និងទី២ឈ្មោះគង់ បណ្តាល ភេទប្រុស អាយុ២២ឆ្នាំ។ ចំណែកជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពកាប់ប្រហារប៊ិះស្លាប់រួចបាញ់គំរាម៣គ្រាប់ទៀតនោះ មានឈ្មោះហៀត អាយុ៣០ឆ្នាំ ប្រកបរបរកាប់គោលក់ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅមុនពេលកើតហេតុបក្សពួករបស់ខ្លួន២នាក់ទៀត ១-ឈ្មោះ ផេង ភេទប្រុស និង២-ឈ្មោះមករា ភេទប្រុស (គេចខ្លួន) បាននាំគ្នាមកផឹកស្រាបៀរនៅចំណុចកើតហេតុខាងលើ។ ស្របពេលនោះឈ្មោះផេង និងឈ្មោះមករា បានប៉ះពាក្យសម្តីគ្នាជាមួយភាគីរងគ្រោះ។ លុះផឹកស៊ីរហូតដល់ម៉ោង២ឈានចូលថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៩ ទំនាស់រវាងភាគីទាំងពីរកាន់តែខ្លាំងឡើងៗរហូតឈានដល់ការវាយតប់គ្នា។ នៅពេលនោះជនសង្ស័យឈ្មោះផេង មិនដឹងបានកាំបិតពីណាកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់។ ចំណែកជនសង្ស័យឈ្មោះ ខៃ សាក់ ក៏បានទៅយកអាវុធរបស់ខ្លួនម៉ាក K54 ពីក្នុងឃ្លុបម៉ូតូបាញ់ឡើងលើចំនួន៣គ្រាប់ ហើយបានគេចខ្លួនអស់តែម្តង។ រហូតដល់ម៉ោងប្រហែល៨ព្រឹក ទើបកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបានតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដោយចេតនាមួយបានកើតឡើងនៅតាមបណ្តោយផ្លូវបេតុង ក្រោយភោជនីយដ្ឋាន នួន ប្រុស ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយបុរសជាថៅកែកាប់គោត្រូវជនសង្ស័យ១ក្រុម ប្រដាប់ដោយកាំភ្លើងនិងកាំបិត បានព្រួតគ្នាកាប់ស្ទើរស្លាប់ស្ទើររស់ លុះមិត្តភក្តិប្រុងចូលជួយក៏ត្រូវក្រុមជនបង្កដកកាំភ្លើងបាញ់គំរាម៣គ្រាប់។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នាទាំងអស់៥នាក់ បានអង្គុយផឹកស្រាក្រឡុកនៅចំណុចកើតហេតុខាងលើ តាំងពីម៉ោង៩យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ លុះមកដល់វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ក្រហម មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកសៀតជាប់ចង្កេះ បានជិះម៉ូតូមកឈប់នៅពីមុខកន្លែងជនរងគ្រោះកំពុងតែផឹកស៊ី ដោយមិនដឹងថា ជនសង្ស័យផឹកស្រវឹងស្រាមកពីណានោះទេ រួចបានទូរស័ព្ទហៅបក្ខពួករបស់ខ្លួនចំនួន២នាក់ទៀត មិនស្គាល់អត្តសញ្ញាណជិះម៉ូតូធុនធំមិនស្គាល់ម៉ាក ប្រដាប់ដោយកាំបិតប៉័ងតោនិងដុំថ្ម បានចូលមកធ្វើសកម្មភាពព្រួតគ្នាវាយនិងកាប់ទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះជាថៅកែកាប់គោ ឈ្មោះហៀត រងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ដេកដួលក្នុងថ្លុកឈាម ហើយភ្លាមនោះក្រុមមិត្តភក្តិរបស់ជនរងគ្រោះប្រុងចូលទៅជួយដែរ តែត្រូវជនសង្ស័យម្នាក់ដែលមានកាំភ្លើងបានដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់ គំរាមមិនឱ្យអ្នកណាម្នាក់ចូលជួយជនរងគ្រោះឡើយ ហើយក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា បានចុះមកដល់ទីតាំងកើតហេតុនិងសួរនាំជនរងគ្រោះនិងត្រូវជនរងគ្រោះប្រាប់ថា ក្នុងចំណោមបក្សពួកជនសង្ស័យ៣នាក់នោះ គេស្គាល់ម្នាក់ឈ្មោះដា ដែលជាមិត្តភក្តិធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់ទី១មកម៉្លេះ។ បន្ទាប់មកសមត្ថកិច្ចក៏ចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន២គ្រាប់ផងដែរ៕