ខេត្តព្រះសីហនុ ៖ សាកសពនារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតនៅក្នុងទឹកប្រឡាយយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹកមួយកន្លែង ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ (ភូមិថ្មី) សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា សាកសពនារីរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ តាមភិនភាគមានវ័យប្រមាណជា២០ឆ្នាំ សក់វែង សម្បុរសណ្តែកបាយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់បានដើរកាត់កន្លែងកើតហេតុ រួចក៏ប្រទះឃើញសាកសពនារីរងគ្រោះខាងលើអណ្តែតនៅក្នុងទឹកប្រឡាយ ទើបមានការភ្ញាក់ផ្អើលក៏ស្រែកឆោឡោឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះស្រង់សពនារីរងគ្រោះយកមកដាក់លើដីគោកជាបណ្តោះអាសន្ន បន្ទាប់មកបានដឹកយកសាកសពទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទុកជូនសមត្ថកិច្ចជំនាញមកពិនិត្យសាកសព និងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះដែរ បើមានបងប្អូនណាបាត់សមាជិកគ្រួសារមានដូចភិនភាគខាងលើ សូមមកទាក់ទងសមត្ថកិច្ចមូលដ្ឋានខាងលើ៕