ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើងចំនួន២នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា និងត្រូវគេស្គាល់ថា គឺជាកូនរបស់មេភូមិផងនោះបានកើតមានជម្លោះជាមួយនឹងក្មេងទំនើង១ក្រុមទៀត និងត្រូវគេព្រួតវាយបណ្តាលឱ្យរបួសក្បាល ទើបនឹងឃើញចង់សងសឹកក៏បបួលបងប្អូនទៅវាយយុវជនម្នាក់ចំក្បាល១ដំបងបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ទើបដឹងថាវាយច្រឡំមនុស្ស ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះចាប់ទាំង២នាក់បងប្អូន ខណៈដែលយុវជនរងគ្រោះគ្មានស្នាមបែករយះក្បាលនោះទេ ប៉ុន្តែក្រោយពីទទួលរងការវាយនឹងដំបងរួចយុវជននោះចេះតែក្អួតមិនឈប់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចសួនច្បារសាលាខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់បងប្អូនដែលបង្កហិង្សាទៅលើយុវជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឆោន ឈិត អាយុ២៤ឆ្នាំ និងទី២-ឈ្មោះឆោន រ៉ាឆាន់ អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នានិងជាកូនមេភូមិសព្វថ្ងៃមានលំនៅក្នុងភូមិគោកគសង្កាត់សំរោងក្រុងសំរោង។ ចំណែកយុវជនរងគ្រោះមានឈ្មោះទូច ចិន អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិអូរកន្សែងសង្កាត់សំរោងក្រុងសំរោង (រងរបួសក្បាលយ៉ាងធ្ងន់)។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ (បងប្អូន) ត្រូវបានក្មេងទំនើង១ក្រុមពុំស្គាល់អត្តសញ្ញាណវាយឱ្យរបួសក្បាល ទើបបបួលបងប្អូនទៅសងសឹករួចក៏នាំគ្នាយកដំបងឈើទៅវាយយុវជនរងគ្រោះខាងលើ ដែលពុំដឹងរឿងអ្វីសោះ (វាយច្រឡំមនុស្ស) ដោយជនសង្ស័យទាំង២នាក់បានវាយយុវជនរងគ្រោះនឹងដំបងឈើត្រូវចំក្បាលពីក្រោយ១ដំបង និងត្រូវចំដៃ១ដំបងបណ្តាលឱ្យរងរបួសធ្ងន់ (ពុំមានស្លាកស្នាមដាច់រយះនោះទេ) ប៉ុន្តែក្រោយពេលវាយរួចជនរងគ្រោះចេះតែក្អួតមិនឈប់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។

ប្រភពដដែលបន្តថា ក្រោយពីវាយទៅលើជនរងគ្រោះឱ្យរងរបួសធ្ងន់ និងដឹងថាវាយច្រឡំមនុស្សរួចហើយ ជនសង្ស័យទាំង២នាក់បងប្អូនបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទាំងយប់។
បន្ទាប់ទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕