ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់បានជិះម៉ូតូ១គ្រឿង បំណងស្កាត់ទៅជួបប្រុសស្នេហ៍របស់ខ្លួននៅឯផ្ទះ លុះទៅជិតដល់ក៏ទូរស័ព្ទសួររកផ្លូវ ស្រាប់តែពេលកំពុងនិយាយទូរស័ព្ទជាមួយប្រុសស្នេហ៍នោះក៏ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកក្បែរធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេច និងធ្វើឱ្យនារីរងគ្រោះដួលម៉ូតូរលាត់ដៃជើង ចំណែកក្រុមជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ ក្បែរស្ថានីយទូរទស្សន៍ស៊ីធីអិន។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់មិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណ២០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាអាយខុន ពណ៌ខៀវលាយស បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយនារីរងគ្រោះទើបតែចេញមកពីផ្ទះនៅម្តុំគីឡូលេខ៧ និងមានគោលបំណងទៅជួបសង្សារនៅផ្ទះត្រង់ចំណុចមុខស្ថានីយទូរទស្សន៍ស៊ីធីអិន។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ពោលគឺជិតដល់ផ្ទះសង្សារទៅហើយ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរី២០១០ មិនចាំស្លាកលេខ បានជិះមកក្បែរនារីរងគ្រោះ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីរងគ្រោះយកទៅបាត់ ហើយបើករត់គេចខ្លួនបាត់ស្រមោល ចំណែកនារីរងគ្រោះបានដួលម៉ូតូរងរបួសរលាត់ដៃរលាត់ជើង ហើយភ្លាមនោះដែរសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏បានធ្វើការអន្តរាគមន៍ជួយដេញចាប់ជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធី៕

