ភ្នំពេញ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូទើបនឹងរៀបការបានជាង១ខែ ដោយសារតែបុរសជាប្តីឃើញប្រពន្ធរបស់ខ្លួនឧស្សាហ៍ចុចលេងទូរស័ព្ទដល់យប់ជ្រៅៗពេកក៏បានហាមប្រពន្ធថាកុំឱ្យលេងហ្វេសប៊ុក ឬលេងហ្គេមក្នុងទូរស័ព្ទច្រើនពេក រួចក៏កើតមានទំនាស់នឹងគ្នាមួយប៉្រាវ ស្រាប់តែស្អែកឡើងគ្រាដែលប្តីចេញទៅធ្វើការបាត់ ស្ត្រីជាប្រពន្ធបែរជាសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់តែម្តង។

ករណីស្ត្រីអន់ចិត្តប្តីហាមមិនឱ្យលេងទូរស័ព្ទ បែរជាសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះ ងឿន សុខលីដា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះមុត សុខណា អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះខាងលើទើបនឹងរៀបការជាមួយប្តីឈ្មោះមុត សុខណា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះទេ ដោយស្នាក់នៅក្នុងបន្ទប់ជួលខាងលើ២ គ្រួសារជុំគ្នា ហើយមុនកើតហេតុកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យប់ជ្រៅទៅហើយ ស្ត្រីរងគ្រោះនៅដេកចុចលេងទូរស័ព្ទលេងហ្គេមផង លេងហ្វេសប៊ុកផង មិនព្រមចូលដេក ទើបត្រូវបុរសជាប្តីហាមហើយហាមទៀត ថាកុំឱ្យលេងទូរស័ព្ទច្រើនពេក ពិសេសហ្វេសប៊ុក តែប្រពន្ធមិនស្តាប់ គិតតែពីចុចៗ រហូតធ្វើឱ្យប្តីប្រពន្ធអ្នកទាំង២ បានកើតមានជំលោះនឹងគ្នាមួយប្រាវ ហើយទើបចូលដេករៀងៗខ្លួន។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះមិនទៅធ្វើការងារទេដោយប្រាប់បងប្អូននិងប្តីថាចង់ទៅស្រុក ចំណែកបុរសជាប្តីក៏មិនចាប់អារម្មណ៍អ្វីដែររួចក៏នាំគ្នាចេញទៅធ្វើការអស់ទៅ។ លុះមកដល់វេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែលក្រុមគ្រួសារបងប្អូននិងប្តីត្រឡប់មកពីធ្វើការវិញដើរមកដល់បន្ទប់ជួលរុញទ្វារចូលក៏ប្រទះឃើញស្ត្រីរងគ្រោះជាប្រពន្ធចងកសម្លាប់ខ្លួនបាត់ទៅហើយដោយយកក្រមាចងកភ្ជាប់នឹងចំរឹងដែកឡៅតឿធ្វើឱ្យកើតមានការផ្អើលឆោឡោនាំគ្នាស្រាយចំណងដាក់ស្ត្រីរងគ្រោះចុះមកក្រោមវិញជួយធ្វើចលនាសង្គ្រោះបឋមក្រែងអាចសង្គ្រោះបាន តែអកុសលស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមសម្តីស្ត្រីឈ្មោះសុខ សោភា អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាបងនិងស្នាក់នៅបន្ទប់ជាមួយគ្នា បានឱ្យដឹងថា នាងមានបងប្អូនចំនួន៥នាក់ (ប្រុស៣ ស្រី២) ចំណែកប្អូនស្រីជាជនរងគ្រោះ គឺជាកូនទី៥ (កូនពៅ)។

តាមប្រភពផ្សេងមួយទៀតបានឱ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើរៀបការនឹងគ្នាដោយមិនបានស្រលាញ់ពេញចិត្តគ្នានោះទេ ពិសេសសាមីខ្លួនខាងស្រីមិនសូវមិនពេញចិត្តរៀបការជាមួយប្តីទេ តែដោយសារឪពុកម្តាយបង្ខំ ទើបរៀបការបំពេញមុខម្តាយទៅ ហើយការរស់នៅរវាងប្តីប្រពន្ធ ភាគីប្រពន្ធក្និក្នក់ច្រើនមិនតម្រូវចិត្តប្តីឡើយ ក្រោយពីអន់ចិត្តរឿងហាមចុចទូរស័ព្ទរហូតដល់សម្រេចបញ្ចប់ជីវិតបែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួនឯង) ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”