ខេត្តកំពង់ចាម ៖ បុរសជាប្តីប្រមឹកតែងផឹកស្រាស្រវឹងគ្មានលស់ថ្ងៃ ហើយឱ្យតែស្រវឹងចេះតែរករឿងជេរប្រមាថវាយដំច្រំធាក់ប្រពន្ធមិនស្វាង លុះក្រោយពីផឹកស្រាស្រវឹងជោកត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានជម្លោះជាមួយប្រពន្ធមួយប្រាវ ស្រាប់តែកំហឹងឆេះឆួលទប់មិនជាប់ក៏ស្ទុះទៅយកសាំងចាក់ស្រោចលើប្រពន្ធ រួចកេះដែកកេះដុតប្រពន្ធទាំងរស់ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធឆេះរលាកពេញខ្លួនរងរបួសយ៉ាងធ្ងន់។
ករណីអំពើហិង្សាក្នុងគ្រួសារដ៏ឃោរឃៅប្តីចាក់សាំងដុតប្រពន្ធទាំងរស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។

ជនដៃដល់ជាប្តី ដែលចាក់សាំងដុតប្រពន្ធទាំងរស់ដោយគ្មានញញើតដៃ មានឈ្មោះចាន់ តឿ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រាះដែលត្រូវប្តីចាក់សាំងដុតទាំងរស់ មានឈ្មោះនួន អិត អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ (ឆេះរលាកខ្លួនប្រាណស្ទើរទាំងស្រុង)។ ប្តីប្រពន្ធទាំង២នាក់នេះមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរនាក់នេះរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មាននោះទេ ឧស្សាហ៍កើតមានជម្លោះនឹងគ្នាស្ទើររាល់ថ្ងៃ ដោយសារតែភាគីបុរសជាប្តីជាមនុស្សប្រមឹកតែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងតែងបង្ករឿងឈ្លោះប្រកែកប្រើអំពើហិង្សាវាយដំច្រំធាក់ប្រពន្ធមិនសូវលោះថ្ងៃឡើយ គ្រាន់តែមិនធ្លាប់មានសភាពធ្ងន់ធ្ងរដូចលើកនេះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេឃើញបុរសជាប្តីបានចេញទៅផឹកស្រាដូចសព្វដង លុះពេលត្រឡប់មកវិញ ស្ថិតក្នុងស្ថានភាពស្រវឹងជោកផ្លូវមួយដើរតែឯង ក៏បានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធមួយប្រាវ រួចក៏ធ្វើឱ្យបុរសជាប្តីកំណាចមួម៉ៅក្តៅចិត្តស្ទុះទៅទាញសាំងយកមកចាក់ស្រោចប្រពន្ធរបស់ខ្លួន ហើយក៏យកដែកកេះមកកេះដុតប្រពន្ធទាំងរស់បណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេញខ្លួនប្រាណស្ត្រីរងគ្រោះជាប្រពន្ធ។
ប្រភពខាងលើបញ្ជាក់ថា ឃើញស្ថានភាពបែបនេះអ្នកជិតខាងក៏ផ្អើលឆោឡោនាំគ្នាចូលមកជួយពន្លត់ភ្លើងដែលកំពុងឆាបឆេះស្ត្រីរងគ្រោះជាប្រពន្ធ រហូតដល់ភ្លើងបានរលត់ទៅវិញអស់ ប៉ុន្តែខ្លួនប្រាណរបស់ស្ត្រីរងគ្រោះត្រូវបានឆេះរលាកស្ទើរទាំងស្រុងទៅហើយ ធ្វើឱ្យស្ត្រីរងគ្រោះស្រែកទ្រហោយំដោយសារតែក្តៅក្រហល់ក្រហាយយ៉ាងខ្លាំង។
ក្រោយកើតហេតុ ប្រជាពលរដ្ឋជិតខាងបានប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរព្យេបង្អែកខេត្តកំពង់ចាមភ្លាមៗ ដើម្បីសង្គ្រោះជីវិត ប៉ុន្តែដោយសារខ្លួនប្រាណឆេះរលាកមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបក្រុមគ្រូពេទ្យបានចាត់បញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះបន្ត។

ដោយឡែកបុរសជាប្តីកំណាចត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរអាង ចាត់វិធានការជាបន្ទាន់ចុះដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនប្តីកំណាចរូបនេះនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕