ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យក្នុងអំពើចោរកម្មម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជាំ ចុះឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះគឺធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនកាស៊ីណូលូមឹ ហេង គ្រុប ដែលប្តឹងចោទប្រកាន់ថា ជនសង្ស័យដែលជាបុគ្គលិកបានលួចបូមប្រេងចេញពីរថយន្តលក់ជាច្រើនលើកច្រើនសាមកហើយ។

មន្ត្រីនគរបាលបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះយុទ្ធ ថៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចដដែលបន្តថាជនសង្ស័យរូបនេះជាបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូលឹមហេងគ្រុប បានលួចបូមប្រេងពីរថយន្តក្រុមហ៊ុនដែលខ្លួនបើកបរលក់ជាច្រើនលើកជាច្រើនសាមកហើយ ទើបក្រុមហ៊ុនប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។
សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានបណ្តឹង សមត្ថកិច្ចនគរបាលច្រកជាំ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស្រឿត ស្រឹត ជានាយប៉ុស្តិ៍បានចុះទៅសហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យយុទ្ធ ថៃ យកទៅចាត់ការតាមច្បាប់កាលពីយប់ថ្ងៃទី១៦ ខែកក្កដា។ ជនសង្ស័យរូបនេះជាបុគ្គលិកផ្នែកបើកបរបានលួចបូមប្រេងលក់នៅពេលដែលខ្លួនបើកបរមានចំនួន១៦លើកមកហើយ ដោយមួយលើកៗ គេបូមចន្លោះពី១០ទៅ១៥លីត្រ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីឱ្យផ្នែកជំនាញសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕