ភ្នំពេញ ៖ ស្ត្រីម្នាក់បានកើតមានអាការមិនស្រួលខ្លួនក៏ត្រូវកូនស្រីដឹកតាមម៉ូតូកង់បីនាំយកទៅមន្ទីរពេទ្យ ស្រាប់តែអកុសលទើបនឹងធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មលើកម៉ូតូកង់បី ជាហេតុធ្វើឱ្យអ្នកបើកម៉ូតូកង់បីទម្លាក់ដាក់សពចុះរួចគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះដែលដាច់ខ្យល់ស្លាប់តាមផ្លូវមានឈ្មោះហន ពិសី អាយុ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិអំពិល ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមសម្តីកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុនាងទេបិនឹងចេញពីធ្វើការរោងចក្រមកហូបបាយនៅបន្ទប់ជួលជុំម្តាយដូចសព្វដង ស្រាប់តែពេលមកដល់ម្តាយនាងបានប្រាប់ថា គាត់មានអាការមិនស្រួលទាល់តែសោះ ភ្លាមនោះនាងក៏បានហៅម៉ូតូកង់បីមកដឹកម្តាយបំណងនាំម្តាយទៅកាន់មន្ទីរពេទ្យ។ ស្រាប់តែពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ដល់ត្រឹមស្តុបផ្សារដីហុយ ម្តាយនាងក៏បានត្រដរខ្យល់ស្លាប់លើកង់បីយ៉ាងអាណោចអាធ័មតែម្តង។ ភ្លាមនោះក្រោយពេលដឹងថា ម្តាយរបស់នាងស្លាប់លើកង់បីរបស់គេ ស្រាប់តែអ្នកបើកកង់បីបែរជាភ័យស្លន់ស្លោរកកន្លែងអែបខាង រួចទម្លាក់សពម្តាយនាងចោលនៅលើចិញ្ចើមផ្លូវ រួចក៏បើកគេចបាត់តែម្តង។

កូនស្រីរបស់ស្ត្រីរងគ្រោះ បញ្ជាក់ថា ម្តាយរបស់នាងមានជំងឺប្រចាំកាយ (កើតហឺត) ឱ្យតែធ្វើទុក្ខម្តងៗចេះតែថប់ដង្ហើម ហើយរយៈពេល២ថ្ងៃចុងក្រោយនេះ ជំងឺគាត់ធ្វើទុក្ខមិនឈប់ ទើបមិនអាចទៅធ្វើការបានទេ ដោយសម្រាកនៅបន្ទប់ជួល លុះមកដល់ថ្ងៃកើតហេតុក៏ជួបរឿងអកុសលបែបនេះតែម្តង។
ក្រោយកើតមានការភ្ញាក់ផ្អើលខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕