ខេត្តកំពត ៖ ក្លឹបរាត្រីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលថ្ងៃ បង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់មានតម្លៃប្រមាណជិត២០ម៉ឺនដុល្លារ មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្លឹបកម្សាន្តយីហោលេជេន មានទីតាំងស្ថិតក្នុងភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក។

លោកខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក បានប្រាប់ឱ្យដឹងថា ម្ចាស់ក្លឹបដែលទទួលរងការឆាបឆេះខាងលើមានឈ្មោះស៊ុម រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអភិបាលស្រុក បានរៀបរាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីភ្លើងឆេះក្លឹបកម្សាន្តមួយកន្លែងឈ្មោះលេជេន ហើយភ្លើងបានរលត់ទៅវិញនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល បន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រុកឈូក ស្រុកជុំគិរី និងស្រុកដងទង់ជាង៣០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចំណាយទឹកអស់១១ស៊ីទែន បានចុះអន្តរាគមន៍ភ្លាមៗ។

តាមការអះអាងពីម្ចាស់ក្លឹបខាងលើ បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញទ្រព្យសម្បត្តិនិងសំណង់អគារថ្មប្រក់ស័ង្កសី ទំហំ១១ម៉ែត្រគុណនឹង២៨ម៉ែត្រ ត្រូវខូចខាតគ្មានសលដែលគិតជាទំហំនៃការខាតបង់ក្នុងករណីនេះ គិតជាតម្លៃអស់ប្រមាណប្រហែល១៨ម៉ឺនដុល្លារ។

តាមការពិនិត្យរបស់សមត្ថកិច្ច និងសន្និដ្ឋានជំហានដំបូងថា ការឆាបឆេះនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

