Sunday, November 23, 2025
Homeព័ត៌មានជាតិស្រីស្អាតចង់មានឆាប់... សមត្ថកិច្ចនាំទៅផ្ទះឆែកឆេរឃើញ១គីឡូ

ស្រីស្អាតចង់មានឆាប់… សមត្ថកិច្ចនាំទៅផ្ទះឆែកឆេរឃើញ១គីឡូ

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងរូបស្រស់២នាក់ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម រួមនឹងក្មេងប្រុសម្នាក់ទៀត ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀនចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួន ព្រមទាំងធ្វើការឆែកឆេររកឃើញថ្នាំញៀនជិត១គីឡូក្រាម ដែលលាក់ទុកនៅក្នុងផ្ទះនារីរូបស្រស់ទាំង២នាក់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ អនុវត្តដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព លោកឧត្តមសេនីយ៍ស្នងការតែងតែដាក់ចេញនូវបទ បញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវមានវិធានការស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដូចជាភ្លៀងរលឹម។

ជាលទ្ធផល នៅវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ និងមានការដឹកនាំសម្របសម្រួលដោយលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ឈានដល់ការបង្ក្រាបចាប់ឃាត់ជនសង្ស័យចំនួន៣នាក់ (ស្រី២នាក់) ក្នុងនោះរួមមាន ទី១-ឈ្មោះ សៀប ម៉ាយ៉ា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មុខរបរលក់ខោអាវ។ និងទី២-ឈ្មោះលាង ឧសភា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ ស្នាក់នៅអគារកាស៊ីណូហូលីដេ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ដោយឡែកក្មេងប្រុសម្នាក់មានអាយុ១៣ឆ្នាំ មានមុខក្នុងកន្លែងប្រតិបត្តិការបង្ក្រាបក្រោយពីធ្វើការស្រាវជ្រាវរកឃើញមិនពាក់ព័ន្ធ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅផ្ទះវិញ។

លោកវរសេនីយ៍ទោ ង៉េង សុជា បានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាង នៅនឹងផ្ទះរបស់ ជនសង្ស័យរួមមានម្សៅក្រាមពណ៌សថ្លាចំនួន១៩ថង់តូច និង១ថង់ធំ ថ្លឹងទាំងសម្បកមានទំនង់ជាង១គីឡូក្រាម ស្មើ១,៤១០.៤២ក្រាម (ជិត១គីឡូកន្លះ) ថ្នាំគ្រាប់អ៊ិកស្តាស៊ី ចំនួន១៥គ្រាប់ កូនដបដែលមានវត្ថុរាវនៅក្នុងដបចំនួន៧ដប សំបកថង់ប្លាស្ទិក រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ស្រីស្អាតជាជនជសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES