ខេត្តកណ្តាល ៖ បុរសជាកម្មករផ្សារដែកម្នាក់បានកើតមានអាការមិនសូវស្រួលខ្លួន ក៏ពឹងឱ្យមិត្តភក្តិរួមការងារម្នាក់ជួយជូនទៅមន្ទីរពេទ្យ លុះទៅដល់ឱសថស្ថាន១កន្លែង ក៏ឈប់ចូលបន្តោកសេរ៉ូម១ប្លោកសិន រួចទើបឡើងជិះម៉ូតូបន្តទៅកាន់មន្ទីរពេទ្យ ស្រាប់តែអកុសលពេលមិត្តភក្តិដឹងដល់ក្លោងទ្វារចូលមន្ទីរពេទ្យ ជនរងគ្រោះស្រាប់តែធ្លាក់ពីលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។
បុរសរងគ្រោះមានឈ្មោះវង់ វាន អាយុ៣៩ឆ្នាំ មុខរបរកម្មករផ្សារដែក ស្នាក់នៅការដ្ឋានសំណង់ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩ ជនរងគ្រោះបានកើតមានអាការមិនស្រួលខ្លួនទើបពឹងឱ្យអ្នកធ្វើការជាមួយគ្នាម្នាក់ឈ្មោះភឿក វ៉ាន់នី ភេទប្រុស អាយុ១៨ឆ្នាំ ជួយកោសខ្យល់និងជូនមកពេទ្យ។ លុះពេលមកដល់ចំណុចផ្សារគគីរ ជនរងគ្រោះបានឱ្យឈ្មោះភឿក វ៉ាន់នី ឈប់ម៉ូតូរួចដើរចូលទៅក្នុងឱសថស្ថាន១កន្លែងយីហោមហាសាល ពេលនោះគ្រូពេទ្យបានដាក់សេរ៉ូមឱ្យនិងប្រាប់ឱ្យឈ្មោះភឿន វ៉ាន់នី ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
ប្រភពដដែលបន្តថា ពេលនោះជនរងគ្រោះដៃម្ខាងកាន់សេរ៉ូម បានឡើងជិះម៉ូតូសំដៅមកមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ស្រាប់តែពេលទៅដល់មុខមន្ទីរពេទ្យបង្អែកស្រុក អ្នកបើកម៉ូតូបានជិះហួសមុខក្លោងទ្វារមន្ទីរពេទ្យចម្ងាយប្រមាណ១០ម៉ែត្រ ទើបបត់ម៉ូតូត្រឡប់មកក្រោយវិញ ហើយបានបត់ម៉ូតូពីថ្នល់ចូលមកក្នុងមន្ទីរពេទ្យ លុះគ្រាន់តែចូលមិនទាន់ផុតក្លោងទ្វារពេទ្យផង ជនរងគ្រោះក៏បានធ្លាក់ពីលើម៉ូតូទាំងកំរោល ហើយភ្លាមនោះឈ្មោះភឿក វ៉ាន់នី បានស្រែកឆោឡោហៅក្រុមគ្រូពេទ្យ២នាក់ ឱ្យជួយលើកជនរងគ្រោះចូលបន្ទប់សង្គ្រោះបន្ទាន់ តែពេលលើកចូលទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏បានបញ្ជាក់ប្រាប់វិញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ បានចុះដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងស្នើសុំកម្លាំងជំនាញខេត្តចុះពិនិត្យសាកសព។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារអាការគាំងបេះដូង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕