Sunday, November 23, 2025
Homeព័ត៌មានជាតិប្តីមិនបានចូលដេកទេ... លុះស្អែកនៅក្នុងដីឡូត៍

ប្តីមិនបានចូលដេកទេ… លុះស្អែកនៅក្នុងដីឡូត៍

ខេត្តកណ្តាល ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងជោកមកដល់ផ្ទះ ប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងជជែកលេងជាមួយនឹងបុរសម្នាក់ ទើបធ្វើឱ្យផ្ទុះភ្លើងប្រចណ្ឌរករឿងឈ្លោះប្រពន្ធ១ប្រាវ រួចក៏ចេញពីផ្ទះបាត់ ស្រាប់តែព្រឹកឡើងប្រពន្ធដើររកប្រទះឃើញ ប្តីដេកស្លាប់នៅក្នុងកញ្ចុះលក់ដីឡូត៍មួយកន្លែង ដោយមានស្នាមរឹតក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗ។

ករណីឃាតកម្មរឹតកសម្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកញ្ចុះលក់ដីឡូត៍ ស្ថិតនៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល។ លុះក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យនិងធ្វើកោសល្យវិច័យ ក៏កំណត់បានមុខសញ្ញានិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ជនរងគ្រោះដែលត្រូវឃាតករវាយសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះរ៉ុម សារាជ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករជាងផ្សារដែក មានលំនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះធី សុខគីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលចាក់បេតុង មានលំនៅក្នុងភូមិកើតហេតុខាងលើ។ រីឯវត្ថុតាងចាប់ យករួមមាន ខ្សែពណ៌លឿង១ និងកាំបិតប៉័ង តោ១។

តាមសម្តីស្ត្រីឈ្មោះពិត ចាន់កែវ អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ប្តីរបស់នាងបាននាំគ្នាផឹកស្រាជាមួយបងប្អូនតាំងពីក្បាលព្រលប់ រហូតដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ទើបបែកគ្នារៀងៗខ្លួនទៅកន្លែងដេក។ ចំណែកប្តីគាត់បានចេញទៅក្រៅជាមួយមិត្តភក្តិ៦ឬ៧នាក់ទៀត ហើយស្រាប់តែឃើញឈ្មោះធី សុខគីម មកសួរនាងថា យប់ថ្មើរហ្នឹងហើយមិនទាន់ចូលដេកទៀត ហើយក៏ទៅបាត់ទៅ។ ចំណែកនាងក៏នៅអង្គុយចាំប្តីរហូតដល់ម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ទើបឃើញប្តីត្រឡប់មកវិញជាមួយបងប្អូន លុះប្តីរបស់នាងបានឃើញជនសង្ស័យឈ្មោះធី សុខគីម និយាយលេងជាមួយនាងជាប្រពន្ធក៏កើតចិត្តប្រចណ្ឌ ឈ្លោះជាមួយនាងមួយសន្ទុះធំក្រោយមកនាងក៏ចូលដេក តែប្តីរបស់នាងមិនបានដេកនោះទេ គឺបានដើរចេញទៅក្រៅបាត់រហូតទល់ភ្លឺ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះព្រឹកឡើង នាងក៏បានដើរទៅតាមរកប្តី ស្រាប់តែពេលដើរទៅដល់កញ្ចុះក្នុងដីឡូត៍ ក៏ប្រទះឃើញប្តីរបស់នាងដេកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមព្រហ្មទណ្ឌស្រុកប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងប្រពន្ធជនរងគ្រោះ បានធ្វើការពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា សពមានស្នាមទ្រុឌជាំខ្មៅជុំវិញក ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម (រឹតក) មូលហេតុផ្តើមចេញពីជម្លោះរឿងប្រចណ្ឌប្រពន្ធនឹងជនសង្ស័យក៏ត្រូវជនសង្ស័យរឹតកសម្លាប់តែម្តង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះធី សុខគីម នាំយកទៅសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES