ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ដើរកាត់បន្ទប់អ្នកស្នាក់នៅក្បែរខាងឃើញស្ត្រីម្នាក់កំពុងដេកនៅលើគ្រែភ្លេចបិទទ្វារ ក៏បែកគំនិតលបចូលទៅចាប់សម្រាតខោប៉ុនប៉ងរំលោភស្ត្រីរងគ្រោះ ដោយមិនដឹងថា ប្តីរបស់គេកំពុងចូលបន្ទប់ទឹក លុះបុរសជាប្តីបានមើលពីបន្ទប់ទឹកឃើញក៏ស្ទុះចេញមកស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាង ចាប់ក្របួចជនល្មោភកាមជាប់យកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។
ករណីប្រុសព្រានលបចូលបន្ទប្ទ់ចាប់រំលោភប្រពន្ធគេ តែត្រូវប្តីគេមកទាន់ចាប់ក្របួចជាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែងរបស់សាលាវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះផាន រ៉ន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងបរិវេណសាលាវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះក.ល.ក.ណ អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅក្នុងការដ្ឋានសំណង់ សាលាវិចិត្រសិល្បៈ រាជធានីភ្នំពេញ ជាមួយគ្នា។
តាមសម្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុនាងកំពុងនៅក្នុងបន្ទប់២នាក់ប្តី លុះបន្តិចក្រោយមកប្តីរបស់នាងបានដើរចូលបន្ទប់ទឹក ចំណែកនាងក៏ប្រះខ្លួនដេកនៅលើគ្រែក្នុងបន្ទប់ ដោយមិនបានបិទទ្វារនោះទេ ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យដើរឆ្លងកាត់ ប្រទះឃើញនាងដេកលើគ្រែ ស្មានថានាងនៅតែម្នាក់ឯង ក៏លបចូលមកធ្វើសកម្មភាពចាប់សម្រាតខោអាវនាងចេញប៉ុនប៉ងរំលោភទាំងកំរោល ក៏ត្រូវនាងស្រែកឆោឡោ ហើយភ្លាមនោះប្តីរបស់នាងបានមើលពីក្នុងបន្ទប់ទឹកមកឃើញ ក៏ចេញមកជួយស្រែកឆោឡោផ្អើលដល់អ្នកជិតខាងព័ទ្ធចាប់ជនល្មោភកាមនោះជាប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេពិតជាបានប្រព្រឹត្តអំពើប៉ុនប៉ងរំលោភស្ត្រីរងគ្រោះមែនមូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក លុះពេលដើរកាត់មុខបន្ទប់ស្ត្រីរងគ្រោះឃើញស្ត្រីរងគ្រោះដេកក្នុងបន្ទប់អត់បិទទ្វារ ណាមួយនឹកស្មានថាស្ត្រីរងគ្រោះនៅតែម្នាក់ឯងក៏ចូលទៅធ្វើសកម្មភាពចាប់ប៉ងរំលោភ ដោយគិតថាគ្មានអ្នកណាមើលឃើញរូបគេឡើយ ប៉ុន្តែតាមពិតប្តីរបស់នាងក៏នៅក្នុងបន្ទប់នោះដែរ គឺនៅក្នុងបន្ទប់ទឹកក៏ចេញមកដេញចាប់រូបគេជាប់តែម្តង។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕