Sunday, November 23, 2025
Homeព័ត៌មានជាតិឆេះទីក្រុងល្ពៅចិន នៅខេត្តព្រះសីហនុ ប្រើពេលជាង១ម៉ោង ទើបរលត់

ឆេះទីក្រុងល្ពៅចិន នៅខេត្តព្រះសីហនុ ប្រើពេលជាង១ម៉ោង ទើបរលត់

ក្រុងព្រះសីហនុ ៖ អាហារដ្ឋានចិនមួយកន្លែងត្រូវបានភ្លើងឆាបឆេះ ហើយត្រូវបានក្រុមពន្លត់អគ្គិភ័យប្រើពេលជាង១ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦កន្លះយប់ ហើយត្រូវរលត់ជាស្ថាពរនៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅហាងឈ្មោះទីក្រុងល្ពៅចិន នៅក្នុងសង្កាត់លេខ4  ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថា មានករណីអគ្គិភ័យឆាបឆេះហាងខាងលើ ភ្លាមៗនោះកម្លាំងរបស់លោកបានចេញរថយន្តទៅបាញ់ទឹកពន្លត់ប្រហែលជាង១ម៉ោងទើបរលត់ជាស្ថាពរ។

សមត្ថកិច្ចដែលបានឲ្យដឹងទៀតថា អគ្គិភ័យនេះបានឆាបឆេះនៅជាន់ខាងលើហាង មិនទាន់ដឹងមូលហេតុថាមកពីអ្វីនៅឡើយទេ។  ហាងខាងលើនេះគឺបានខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ដោយឡែក លោកស្នងការនគរបាលខេត្តព្រះសីហនុ ជួន ណារិន្ទ បានប្រាប់អ្នកសារព័ត៌មានថា គ្រោះអគ្គិភ័យឆាបឆេះហាងខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នឹងវាយតម្លៃចំពោះការ ខូចខាត និងរកមូលហេតុឲ្យបានច្បាស់ មុននឹងចេញរបាយការណ៍ផ្លូវការពីហេតុការណ៍គ្រោះអគ្គិភយ័នេះ៕

RELATED ARTICLES