ខេត្តកំពង់ចាម ៖ ជនសង្ស័យជាឪពុកចុងល្មោភកាមម្នាក់ឆ្លៀតពេលប្រពន្ធក្រោកពីងងឹតចេញទៅស៊ីឈ្នួលគេបាត់ ក៏បែកគំនិតធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីដែលទើបនឹងមានវ័យ៧ឆ្នាំ រហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះយករឿងរ៉ាវទៅប្រាប់អ៊ំស្រី ក៏ដាក់ពាក្យបណ្តឹងរហូតឈានដល់ការចាប់ខ្លួនឪចុងល្មោភកាមយកទៅចាត់ការតាមច្បាប់។
ករណីឪចុងរំលោភកូនស្រីវ័យ៧ឆ្នាំរហូតដល់បានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ។ រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបាន ខណៈដែលជនសង្ស័យកំពុងជិះម៉ូតូមកពីចម្ការ នៅតាមផ្លូវលំ ក្នុងភូមិសាមគ្គី។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីនិងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផុន ទូច អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះច.ថ អាយុ៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកម្តាយបង្កើតនិងឪពុកចុង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នគរបាលស្រុកចំការលើបានទទួលបណ្តឹងពីឈ្មោះវ៉ែន គា ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាម្តាយធំរបស់ក្មេងស្រីជនរងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើ បានប្តឹងទៅលើឈ្មោះផុន ទូច ត្រូវជាប្អូនថ្លៃ ថាបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រី (ក្មេងស្រីរងគ្រោះ) កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺ ខណៈពេលដែលម្តាយក្មេងស្រីរងគ្រោះងើបទៅស៊ីឈ្នួលលក់គុយទាវឱ្យគេ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ដោយទុកកូនស្រីដេកនៅផ្ទះតែ២នាក់ឪពុកចុង (ជនសង្ស័យ)។
ក្រោយពីបានទទួលបណ្តឹងភ្លាម នៅវេលាម៉ោង៣សៀលថ្ងៃដដែល កម្លាំងជំនាញព្រហ្មទណ្ឌអធិការការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការបំភ្លឺពីជនរងគ្រោះនិងសាក្សី ពិនិត្យឃើញថា ពិតជាមានករណីរំលោភសេពសន្ថវពិតប្រាកដមែន តែពេលនោះជនសង្ស័យមិននៅផ្ទះទេ ព្រោះបានចេញទៅស៊ីឈ្នួលធ្វើចម្ការឱ្យគេខាងកើតភូមិសាមគ្គី ប្រហែល២គីឡូម៉ែត្រ។

ប៉ូលិសបានបន្តថា ភ្លាមនោះសមត្ថកិច្ចបានចាត់កម្លាំងស្រាវជ្រាវរកជនសង្ស័យឃើញ ខណៈពេលដែលជនសង្ស័យជិះម៉ូតូមកពីចម្ការនៅតាមផ្លូវលំក្នុងភូមិសាមគ្គី ហើយធ្វើការនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនចុងរបស់ខ្លួនប្រាកដមែន។
ប៉ូលិសបានបន្តថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕