ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពក្រីក្រពេកគ្មានលទ្ធភាពនាំកូនទៅមន្ទីរពេទ្យ ក៏ទុកមើលថែជំងឺកូនស្រីដោយខ្លួនឯងនៅផ្ទះអស់រយៈពេល១០ថ្ងៃ លុះស្ថានភាពមិនបានស្រាកស្រាន្តក្ត៏ដាច់ចិត្តខ្ចីលុយអ្នកជិតខាង ដើម្បីបញ្ជូនកូនឡើងមកភ្នំពេញដើម្បីព្យាបាល តែអកុសលពេលឡើងមកដល់មន្ទីរពេទ្យ កូនស្រីក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបបានត្រឹមដឹកសពកូនស្រីនៅដាក់នៅផ្ទះជួលសាច់ញាតិក្បែរទីលានចាក់សំរាម។

ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរទីលានចាក់សំរាមចាស់ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សពក្មេងស្រីរងគ្រោះ មានឈ្មោះសឿង ហៃ អាយុ១១ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះអ៊ុត ម៉ៅ អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានកូនក្នុងបន្ទុក៤នាក់ រស់នៅក្នុងភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់មានកូនស្រី៤នាក់ក្នុងបន្ទុក និងមានប្តីជាកម្មករកាប់ដីមួយថ្ងៃ បានកម្រៃ១៥០០០រៀល ហើយជីវភាពក្រលំបាកខ្លាំងណាស់។ ចំពោះកូនស្រីដែលបានស្លាប់នោះ គឺនាងបានឈឺអស់រយៈពេល១២ថ្ងៃមកហើយ តែមិនដឹងថាមានជំងឺអ្វីនោះទេ ដោយចេះតែពន្យាពេលមិនបានទៅមន្ទីរពេទ្យព្យាបាល ព្រោះតែជីវភាពគាត់ទីទ័លខ្លាំងពេក រកអង្ករ ច្រកឆ្នាំងសឹងមិនបាន ទើបគ្មានលទ្ធភាពបញ្ជូនកូនទៅពេទ្យព្យាបាល។

ស្ត្រីជាម្តាយរូបនេះ បន្តថា រហូតមកដល់ថ្ងៃកើតហេតុ ដោយសារតែគាត់ឃើញស្ថានភាពរបស់កូនស្រីដូចជាមិនស្រួលខ្លាំង ទើបដាច់ចិត្តដើរខ្ចីលុយអ្នកជិតខាងដឹកកូនមកភ្នំពេញ រួចបញ្ជូនមកមន្ទីរពេទ្យរុស្ស៊ី។ ស្រាប់តែអកុសលពេលដឹកមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូនរបស់គាត់មានជំងឺគ្រុនឈាមនិងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់មានការសោកស្តាយកូនស្រីជាខ្លាំងនិងសម្រេចដឹកសពកូនមក ផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីសុំឱ្យបងប្អូនជួយនិងអំពាវនាវរកសប្បុរសធម៌ ដើម្បីបានកម្រៃខ្លះដឹកសពកូនស្រីយកទៅធ្វើបុណ្យនៅឯស្រុកកំណើតវិញ។

ក្នុងគ្រាលំបាករបស់ស្ត្រីខាងលើ និងបានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ក៏មានសប្បុរសជនមួយចំនួនបានផ្តល់ជាទឹកប្រាក់ និងខ្លះចេញថ្លៃឡានដឹកសពឱ្យដល់ស្រុកកំណើត ដើម្បីសម្រួលការលំបាកដល់រូបគាត់ផងដែរ៕