ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាចោរលួចរថយន្ត១គ្រឿង ត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅកម្លាំងជំនាញរបស់នាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនបាននៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះតី សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ បានលួចរថយន្តមួយគ្រឿង ម៉ាក Camry Hybrid ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-7864 កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានបញ្ជាភ្លាម កម្លាំងការិយាល័យរបស់លោកបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់កំណត់មុខសញ្ញាពាក់ព័ន្ធបាន និងឈានដល់ការចាប់ខ្លួនតែម្ដង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំបន្ដ និងឈានទៅដកហូតបានរថយន្ដ ដែលរូបគេបានលួចដែលកំពុងលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រូបនេះ បានបញ្ជាក់ថា ក្រៅពីការដកហូត រថយន្ដដែលរូបគេបានលួចយកទៅនោះ សមត្ថកិច្ចក៏បានដកហូតបានអាវុធខ្លី១ដើម ម៉ាក K54 មានបង់មួយ និងគ្រាប់៧គ្រាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចរថយន្ដខាងលើ និងប្រើប្រាស់អាវុធដោយខុសច្បាប់ពិតប្រាកដមែន។

ក្រោយពីសួរនាំចប់ សមត្ដកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕