Friday, July 4, 2025
Homeព័ត៌មានជាតិកូនប្រុសកើតជំងឺឆ្កែឆ្កួត ម៉ែឪចាប់ចងដៃជើង

កូនប្រុសកើតជំងឺឆ្កែឆ្កួត ម៉ែឪចាប់ចងដៃជើង

ខេត្តរតនគីរី ៖ ពិតជាគួរឱ្យអាណោចអាធ័ម និងអាណិតអាសូរជាពន់ពេក ដែលយុវជនម្នាក់ត្រូវឆ្កែឆ្កួតខាំ ដោយសារជីវភាពក្រីក្រ គ្មានលទ្ធភាពចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតភ្លាមៗ ក៏បណ្តោយទុករហូតកើតជំងឺឆ្កែឆ្កួត ត្រូវឪពុកម្តាយចាប់ចងដៃជើង ព្រោះបើមិនចងទេ នឹងខាំអ្នកនៅក្នុងផ្ទះ។

យុវជនដែលកើតជំងឺឆ្កែឆ្កួតនេះ មានឈ្មោះចាន់ មករា អាយុ២២ឆ្នាំ ឈប់រៀនត្រឹមថ្នាក់ទី៣ មានបងប្អូន៦នាក់ ជាកូនទី៤ នៅក្នុងគ្រួសារ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

បើតាមស្ត្រីឈ្មោះខុម សាវី អាយុ២៦ឆ្នាំ ត្រូវជាបងស្រីរបស់យុវជនកើតជំងឺឆ្កែឆ្កួត រស់នៅភូមិ-ឃុំ-ស្រុកខាងលើ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ថា ដំបូងឡើយ ប្អូនប្រុសរបស់នាងជាមនុស្សល្អជាធម្មតាទេ មិនមានជំងឺអីកើតឡើងក្នុងខ្លួនឡើយ ហើយក៏មិនដែលមានគ្រោះថ្នាក់អ្វីដែរ ទើបតែដល់ថ្ងៃមួយ នៅខែមេសា ឆ្នាំ២០១៩ ខណៈដែលគេដើរតាមផ្លូវលំតាមក្រោយសាលារៀន ក្នុងគោលបំណងទៅបញ្ចូលទូរស័ព្ទនៅផ្ទះអ្នកលក់ដូរមួយ ដើម្បីហៅទៅម្តាយ ដែលទៅជម្រះស្មៅក្នុងចម្ការស្វាយចន្ទី ក្បែរភ្នំ ស្រាប់តែមានឆ្កែឆ្កួតមួយក្បាល ដែលធ្លាប់ខាំអ្នកដទៃ២ដងទៅ ហើយនោះបានស្ទុះមកខាំគេចំកំភួងជើង។ ពេលនោះ ជាការទទួលខុសត្រូវ ម្ចាស់ឆ្កែបានឱ្យលុយគេ៦០០០០រៀល ដើម្បីយកទៅចាក់ថ្នាំ ប៉ុន្តែលុយ៦ម៉ឺនរៀលនេះ មិនគ្រប់នឹងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទេ ព្រោះថ្នាំជំងឺឆ្កែឆ្កួត១ម្ជុល ដល់ទៅ១២ម៉ឺនរៀលឯណោះ ហើយមិនមែនចាក់មួយដងទេ គឺត្រូវចាក់៤ទៅ៥ដងយ៉ាងតិច ដែលធ្វើឱ្យគ្រួសារនាងគ្មានលទ្ធភាព បានត្រឹមចាក់ថ្នាំការពារតេតាណូស១ម្ជុលប៉ុណ្ណោះ។

ស្ត្រីឈ្មោះខុម សាវី បានរៀបរាប់បន្តថា ក្រោយពេលឆ្កែនោះខាំ និងបានចាក់ថ្នាំការពារតេតាណូស ១ម្ជុលនោះរួចហើយ ប្អូនរបស់នាងដូចជាមិនមានកើតអាការធ្វើទុក្ខអី ទើបតែចូលដល់ខែឧសភា ឆ្នាំ២០១៩ ប្អូនប្រុសរបស់នាងប្រាប់ថា ចេះតែថប់ដង្ហើម ពិបាកដកដង្ហើម ទើបក្រុមគ្រួសារនាំទៅពិនិត្យនៅមន្ទីរពេទ្យខេត្ត ត្រូវគ្រូពេទ្យប្រាប់ថា គេមានបេះដូងចំហ ដែលជាជំងឺពិបាកព្យាបាល តម្រូវឱ្យម្តាយរបស់នាងសម្រេចនាំកូនប្រុសមកពិនិត្យព្យាបាល បន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ រួចក៏នាំពីមន្ទីរពេទ្យកាល់ម៉ែត មកពេទ្យរុស្ស៊ី (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។ ពេលមកដល់មន្ទីរពេទ្យរុស្ស៊ី នោះហើយ ប្អូនប្រុសរបស់នាងមិនត្រឹមតែប្រកាច់ទេ ថែមទាំងស្រែកលូដូចឆ្កែ និងរកខាំគេឯង ធ្វើឱ្យគ្រូពេទ្យគ្រវីក្បាលថា អត់លទ្ធភាពព្យាបាល ណាមួយមកពីម្តាយនាងគ្មានប្រាក់ផង ក៏ឱ្យនាំមកផ្ទះវិញទាំងយប់។ ពេលមកដល់ផ្ទះ នាងនិងអ្នកផ្ទះ ក៏សម្រេចចាប់គេចងនឹងសសរផ្ទះទាំងយប់ ទាំងថ្ងៃ មិនអាចលែងបាន ព្រោះបើលែងនឹងខាំអ្នកនៅក្នុងផ្ទះមិនខាន។ ជាពិសេស ពេលដែលកំពុងតែប្រកាច់ និងស្រែកលូ បើនរណាទៅជិត ប្រាកដជាខាំហើយ ដោយសារក្នុងខួរក្បាលរបស់គេលែងដឹងអ្វីទាំងអស់ ប្រៀបដូចជាឆ្កែឆ្កួតមួយក្បាលអ៊ីចឹង។

នារីជាបងស្រី បានបន្តទៀតថា ពេលឃើញប្អូនប្រុសកើតជំងឺឆ្កែឆ្កួត ដែលនៅតែធ្វើទុក្ខខ្លាំង គឺនៅតែលូខ្លាំងនោះ ឪពុកម្តាយនាងពិបាកចិត្តណាស់ ចង់ឱ្យកូនបានជាដូចដើមឡើងវិញ ប៉ុន្តែគ្មានលទ្ធភាពរកប្រាក់មកព្យាបាលកូន។ ដូច្នេះ ក្នុងនាមជាកូនស្រី និងជាបងស្រីរបស់យុវជនកើតជំងឺឆ្កែឆ្កួតនេះ នាងសូមអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភគ្រួសារនាងផង…។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ជំងឺឆ្កែឆ្កួត សម្លាប់ប្រជាជនកម្ពុជា ច្រើនជាងជំងឺគ្រុនចាញ់ ឬជំងឺគ្រុនឈាម រួមបញ្ចូលគ្នាទៅទៀត។ ជនរងគ្រោះភាគច្រើន គឺជាមនុស្សចាស់ជរា និងក្មេង ដែលជារឿយៗ ត្រូវបានខាំដោយសត្វឆ្កែ ចិញ្ចឹមរបស់ខ្លួនផ្ទាល់ ៦០% នៃជនរងគ្រោះ គឺជាកុមារដែលមានអាយុក្រោម១៧ឆ្នាំ។ ទោះជាយ៉ាងណា ជំងឺឆ្កែឆ្កួត គឺជាជំងឺមួយដែលអាចការពារបានយ៉ាងងាយ តាមរយៈការចាក់ថ្នាំបង្ការ (វ៉ាក់សាំង)៕

RELATED ARTICLES