ឱក សុគន្ធកញ្ញា ក្លាយជាតារាចម្រៀងស្រីឈានមុខគេ ៩ឆ្នាំមកហើយ តែពេលនេះ នាងព្រមចូលរោងការជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទាំងប្រថុយនឹងការធ្លាក់កូដ។
ទោះជាយ៉ាងណា ព័ត៌មានដែលអ្នកយកព័ត៌មានយើងទទួលបានថា ការសម្រេចចិត្តចូលរោងការរបស់ឱក សុគន្ធកញ្ញា នៅពេលនេះ ជារឿងត្រឹមត្រូវ ព្រោះមិនអាចពន្យារពេលតទៅទៀតបានទេ ដោយសារអនាគតស្វាមីរបស់នាងដែលធ្លាប់លេចឮថា បានប្រេះឆាស្នេហ៍មិនក្រោម៦ដង ជាមួយតារាស្រីស្អាតៗនោះ ពេលនេះ លោកសុខលី មានភាពស្និទ្ធស្នាលប្លែកជាមួយពិធីការិនីហង្សមាស ដល់ទៅ២នាក់ ទើបធ្វើឱ្យសុគន្ធកញ្ញា បារម្ភ…។

ឱក សុគន្ធកញ្ញា នឹងលាភាពនៅលីវត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះហើយ តាមរយៈការចំណាយទឹកប្រាក់មិនក្រោម១០ម៉ឺនដុល្លារទេ រៀបការជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន។

ការក្រាបផ្ទឹមនៅពេលដែលកេរ្តិ៍ឈ្មោះកំពុងសាយភាយល្បីល្បាញខ្លាំងរបស់ឱក សុគន្ធកញ្ញា នៅពេលនេះ ធ្វើឱ្យមជ្ឈដ្ឋានមហាជនបានខ្វែងគំនិតគ្នា អ្នកខ្លះថា សុគន្ធកញ្ញា មិនសមរៀបការនៅពេលនេះទេ ព្រោះអាចប្រឈមការធ្លាក់កូដ ដូចតារាចម្រៀងល្បីៗមួយចំនួន ដែលការប្តីហើយចុះខ្សោយ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា សុគន្ធកញ្ញា នឹងកាន់តែមានអំណាចខ្លាំង ពេលដែលក្លាយទៅជាប្អូនថ្លៃលោកថៅកែហង្សមាស នេះ គឺតារាហង្សមាស ទាំងឡាយ នឹងមិនហ៊ានក្អកនឹងនាងឡើយ…។

យ៉ាងណា ពេលនេះមូលហេតុពិតដែលធ្វើឱ្យឱក សុគន្ធកញ្ញា ត្រូវប្រញាប់ដឹកដៃលោកអ៊ឹង សុខលី រៀបការនៅពេលនេះ ត្រូវបានតារាចម្រៀងជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស បានទម្លាយប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះ។
ប្រភពពីតារាចម្រៀងនៅហង្សមាស ម្នាក់ ដែលស្នើសុំមិនឱ្យដាក់ឈ្មោះ បានបង្ហើបឱ្យដឹងថា អនាគត ស្វាមីរបស់សុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី មាន មន្តស្នេហ៍ខ្លាំងក្លាណាស់ សូម្បីតែកៀកថ្ងៃក្រាបផ្ទឹមជាមួយកញ្ញា ទៅហើយមែន ប៉ុន្តែប្អូនលោកថៅកែហង្សមាស រូបនេះ មានពិធីការិនីនៅហង្សមាស ដល់ទៅ២នាក់ តោងស្នេហ៍លោក ដែល ចំណុចនេះហើយ ជាការព្រួយបារម្ភខ្លាចចំណងស្នេហ៍ក្រឡាប់ចាក់ ទើបសុគន្ធកញ្ញា ត្រូវតែរៀបការនៅឆ្នាំនេះ ឱ្យខាងតែបាន ព្រោះមិនអាចទុកយូរនាំជូរជ្រេញ តទៅទៀតបានទេ។

ប៉ុន្តែយ៉ាងណា តារាចម្រៀងរូបនេះមិនបានបញ្ជាក់ថា តើពិធីការិនីទាំង២ដួង ដែលនៅហង្សមាស មានភាពស្និទ្ធស្នាលចម្លែកជាមួយអនាគតស្វាមីសុគន្ធកញ្ញា នោះ មានឈ្មោះអ្វីខ្លះទេ គឺគ្រាន់តែថា ពួកគេសុទ្ធតែស្រអែមស្រស់ដូចគ្នា ម្នាក់មានប្តីហើយ និងម្នាក់ទៀតនៅលីវ…។
នេះមិនមែនជាលើកទីមួយទេ ដែលគូដណ្តឹងឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថា លោកមានស្រីស្អាតៗតោងស្នេហ៍ឱ្យរដឹកនោះ។

មុនពិធីភ្ជាប់ពាក្យរវាងឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នោះ ប្អូនប្រុសលោកថៅកែហង្សមាស ដែលបញ្ជាគ្រប់គ្រងបុគ្គលិករាប់រយនាក់នៅក្រោមឱវាទនេះ ត្រូវបានគេទម្លាយថា លោកបានចែកផ្លូវគ្នាជាមួយអតីតសង្សារជាតារាចម្រៀង និងសម្តែង មិនក្រោម៦នាក់ឡើយ ទើបមកជាប់ស្នេហ៍ទី៧ ជាតារាចម្រៀងល្បីឱក សុគន្ធកញ្ញា រហូតដល់ព្រមដឹកដៃគ្នាចូលរោងការនាពេលនេះ។
តារាភាពយន្តជើងចាស់ អ្នកស្រីឌី សាវ៉េត បានហៅឱក សុគន្ធកញ្ញា ថាជាតារាដែលមានសំណាងដែលបានធ្វើជាប្អូនថ្លៃថៅកែហង្សមាស ពេលនេះ ព្រោះសំអាងថា ក្រុមហ៊ុនហង្សមាស ជាបណ្តុំសិល្បៈ។

ប៉ុន្តែមហាជនដែលគាំទ្រសុគន្ធកញ្ញា លើកឡើងថា លោកសុខលី ក៏ជាអ្នកមានសំណាងដែរ ដែលបានភរិយាជាអ្នកចម្រៀងល្បីដូចសុគន្ធកញ្ញា រកប្រាក់ចំណូលបាន នៅរដូវក្តៅ ក្នុង១ខែៗ មិនក្រោម៦ម៉ឺនដុល្លារឡើយ។
ពួកគេបានលើកឡើងថា សុគន្ធកញ្ញា បានទាត់ចោលសំណើសុំស្នេហាពីមន្ត្រីធំៗជាច្រើននាក់ ដោយមិនអើពើនឹងតំណែង “ជំទាវ” ឡើយ ព្រោះនាងយល់ថា ការយកប្តីជាបុរសនៅក្នុងរង្វង់សិល្បៈ ដូចលោកសុខលី ដែលយល់ច្បាស់ពីអាជីពចម្រៀងដូចរូបនាងនេះ ទើបអាចរក្សាចំណងស្នេហ៍បានយូរអង្វែង ជាងការជ្រើសយកប្តីអ្នកក្រៅរង្វង់សិល្បៈ។

មហាជនរង់ចាំមើលថា តើមង្គលការរបស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី នឹងអស្ចារ្យជាងមង្គលការរបស់តារារួមទ្រនំ សុគន្ធ និសា និងលោកចៅ សម្បត្តិ ឬយ៉ាងណា? ព្រោះតារាទាំង២រៀបការនៅសណ្ឋាគារផ្កាយ៥ដូចគ្នា…៕