ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញអំពីការចុះប្រតិបត្តិការត្រួតពិនិត្យឆែកឆេរហាង លក់ឱសថបុរាណចិនចំនួន៣ទីតាំង កាលពីចុងខែមីនា កន្លងទៅ។

លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះបានរឹបអូសបានឱសថបុរាណចិនសម័យ ជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាលខុសច្បាប់ បានចំនួន១៨១៦០គ្រាប់ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

លោកបានបញ្ជាក់ថា ឱសថបុរាណចិនសម័យ ដែលរឹបអូសបានចំនួន១៨១៦០គ្រាប់ ជាឱសថជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឱ្យនាំចូល ហួសកាលបរិច្ឆេទកំណត់ និងត្រូវបានហាមឃាត់ដោយច្បាប់។

លោកមៀច សុផាន់ណា បន្ថែមថា ម្ចាស់ទីតាំងទាំង៣ ត្រូវបានកម្លាំងពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កំពុងកសាងសំណុំរឿង សហការជាតុលាការដើម្បីកំណត់ស្ថានទោស។ ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ក្រោមការឯកភាពពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យផ្អាកអាជីវកម្មទាំង៣ទីតាំងជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចកំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

លោកមៀច សុផាន់ណា បានបញ្ជាក់ថា ឱសថទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទេ ប្រសិនបើរកទៅឃើញថា ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយបើថ្នាំទាំងនេះ ជាប្រភេទភ្ញោចអារម្មណ៍ផ្លូវភេទវិញនោះ តាមច្បាប់កម្ពុជា អ្នកជួញដូរនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥០លានរៀល។ ប៉ុន្តែទោះយ៉ាងណា ម្ចាស់ទីតាំងទាំង៣ ដែលគេស្គាល់ថាជាកន្លែងលក់ឱសថសម័យ បុរាណចិន ដ៏ធំនោះត្រូវបានដាក់ក្នុងការឃ្លាំមើលពីសមត្ថកិច្ច និងតុលាការ ដោយរង់ចាំការស្រាវជ្រាវប្រមូលព័ត៌មាន និងការពិសោធន៍រកលទ្ធផលគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា ឱសថដែលបម្រើឱ្យតម្រូវការផ្លូវភេទ ត្រូវបានគេដាក់លក់តាមប្រព័ន្ធអនឡាញយ៉ាងព្រោងព្រាត ដែលរួមមាន តាមគេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុក។ ចំពោះករណីនេះ លោកមៀច សុផាន់ណា បានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវជ្រាវតាមបច្ចេកទេសជំនាញផងដែរ ដើម្បីឈានទៅចាត់វិធានការដល់ការឃោសនាលក់ឱសថបម្រើផ្លូវភេទតាមអនឡាញនេះ។ ប្រធានគណៈកម្មការរូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរផងដែរ សុំឱ្យចៀសវាងការប្រើប្រាស់ឱស ទាំងអស់នេះនឹងព្យាយាមប្រតិបត្តិផ្លូវភេទបែបធម្មជាតិ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមបង្គាប់ការកម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរផ្ទះលក់ឱសថបុរាណចិន ចំនួន៣ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។ ក្នុងប្រតិបត្តិការនោះ បានរកឃើញឱសថជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឱ្យនាំចូលហួសកាលបរិច្ឆេទកំណត់ និងត្រូវបានហាមឃាត់ដោយច្បាប់ជាង២ម៉ឺនគ្រាប់៕