Thursday, March 28, 2024
Homeតារាខ្មែរពេជ្រ សោភា ហ៊ានខាងក្នុង ផ្អឹបខាងក្រៅមួយរយៈសិន

ពេជ្រ សោភា ហ៊ានខាងក្នុង ផ្អឹបខាងក្រៅមួយរយៈសិន

តារាចម្រៀងពេជ្រ សោភា បានឲ្យដឹងកាលពីថ្ងៃទី៤ ខែឩសភា ថា បើទោះជាពេលនេះ កូវីដ-១៩ នៅតែផ្ទុះមិនទាន់ស្ងាត់ក្ដី ប៉ុន្ដែការងារសិល្បៈរបស់នាងនៅតែបន្ដជាធម្មតា តាមរយៈការច្រៀងសម្ដែងនៅលើឆាកតន្រ្ដីហង្សមាស ដែលមានការផ្សាយផ្ទាល់។

ប៉ុន្ដែទាំងការឡើងច្រៀងនិងចុះពីលើឆាកតន្រ្ដី នាងមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់ ដូចជាការពាក់ម៉ាសក៍ជាប្រចាំ លាងដៃជាមួយអាល់កុល រក្សាគម្លាត និងពាក់ស្រោមដៃ ជាដើម។

សោភា ថា មុនឡើងឆាកនាងសម្ងំតែនៅក្នុងរថយន្ដ ហើយពេលចុះវិញទៅចូលក្នុងរថយន្ដវិញភ្លាមតែម្ដង ព្រោះកូវីដ នេះ មិនអាចធធ្វេសប្រហែសបានទេ បើទោះជានៅក្រុមហ៊ុនហង្សមាស ក្រុមការងាររក្សារអនាម័យ និងគោរពតាមគោលការណ៍ក្រសួងសុខាភិបាល ជានិច្ចក្ដី។

យ៉ាងណា សោភា ថា ក្រៅពីឆាកហង្សមាស នាងមិនទាន់ហ៊ានឡើងច្រៀងសម្ដែងនៅឆាកទូរទស្សន៍ណាផ្សេងទេ បើទោះជាមានគេទាក់ទងមកជាហូរហែក្ដី។ នាងថា រង់ចាំកូវីដ ឲ្យស្ងាត់ជាងនេះបន្ដិច ទើបអាចឡើងឆាកតន្រ្ដីទាំងឡាយទូទៅ ដូចដើមឡើងវិញបាន ប៉ុន្តែពេលនេះ គឺនាងឡើងច្រៀងតែនៅឆាកហង្សមាស ដែលជាទូរទស្សន៍របស់មេនាងប៉ុណ្ណោះ។

បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសរួច ពេជ្រ សោភា កាលពីពេលថ្មីៗនេះ ក៏បានចេញចម្រៀង១បទ ទាក់ទងកូវីដ ផងដែរ គឺប ទ”រួមគ្នាការពារកម្ពុជា ឈ្នះកូវីដ-១៩” ដែលបទចម្រៀងនេះ នាងច្រៀងឆ្លងឆ្លើយជាមួយលោកឆន សុវណ្ណារាជ ហើយអត្ថន័យទាំងមូលផ្ដោតលើការដាស់តឿនពលរដ្ឋកុំឲ្យភ្លេចពីកូវីដ ឲ្យសោះ ពិសេស គឺអនុវត្តន៍ជាប្រចាំ “៣កុំ ៣ការពារ”។

សោភា ថា​នាងមានមោទនភាពដែលបានចេញបទចម្រៀងនេះ​ប្រៀបដូចជាផ្ញើសារទៅបងប្អូនទាំងឡាយឲ្យចូលរួមទាំងអស់គ្នា​ដើម្បីកម្ចាស់ជំងឺចង្រៃនេះ​ផុតពីកម្ពុជា​ ក៏ដូចជាពិភពលោកទាំងមូល។

ក្រៅពីច្រៀងឆ្លងឆ្លើយជាមួយលោកឆន សុវណ្ណារាជ នោះ បទ ”រួមគ្នាការពារកម្ពុជា ឈ្នះកូវីដ-១៩” ក៏ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយសោភា ផ្ទាល់ផងដែរ ខណៈដែលកន្លងមក តារាចម្រៀងហង្សមាស រូបនេះ ក៏ធ្លាប់ចេញបទ ”រួមគ្នាប្រឆាំងកូវីដ-១៩” ដែរ កាលពីចុងឆ្នាំ២០១៩។

ពេជ្រ សោភា បានឲ្យដឹងដែរថា ទំនាក់ទំនងរវាងនាងជាមួយសង្សារបណ្ដូលចិត្ត លោកឆឹម សក្កដា គឺនៅតែរក្សារដូចដើមដដែល បើទោះជាពេលនេះ នាងនិងសក្កដា ខកខានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាង១ឆ្នាំ ព្រោះតែកូវីដនេះក្ដី។

សោភា ថា នាងនៅតែជួបគ្នាតាម Online ស្ទើររៀងរាល់រាត្រី តាមរយៈ Video Call ហើយម្នាក់ៗចង់ជួបគ្នាផ្ទាល់ខ្លាំងណាស់ តែមិនអាចធ្វើបានឡើយ គឺមានតែបន្ដឃ្លាតគ្នាមួយរយៈសិន ព្រោះមិនមែនបែកគ្នារហូតឯណា៕

RELATED ARTICLES