Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិត្រឹមអាយុ៩ឆ្នាំ នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វករអគ្គិសនី នៅខែធ្នូនេះ

ត្រឹមអាយុ៩ឆ្នាំ នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រវិស្វករអគ្គិសនី នៅខែធ្នូនេះ

យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កុមារីប៊ែលហ្សិកម្នាក់នឹងបញ្ចប់កម្រិតបរិញ្ញាបត្រ នៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

កុមារី Laurent Simons វ័យ៩ឆ្នាំ ជនជាតិប៊ែលហ្សិក កំពុងសិក្សាផ្នែកវិស្វករអគ្គិសនីនៅសាកលវិទ្យាល័យបច្ចេកវិទ្យា ប្រទេសហូឡង់។ មុខវិជ្ជាវិស្វករអគ្គិសនីត្រូវបានគេចាត់ទុកថាជាមុខវិជ្ជាមួយដ៏លំបាកសម្រាប់និស្សិតដែលមានអាយុមធ្យមក្នុងការសិក្សាមុខវិជ្ជានេះ ក៏ប៉ុន្តែកុមារីរូបនេះអាចធ្វើបាន។

យោងតាមបុគ្គលិកម្នាក់ដែលធ្វើការនៅសាកលវិទ្យាល័យនេះ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានCNN ថា កុមារី Laurent Simons នឹងបញ្ចប់កម្រិតថ្នាក់បរិញ្ញាបត្រនៅខែធ្នូ ឆ្នាំ២០១៩។

ដោយឡែកឪពុករបស់កុមារីរូបនេះ ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា កូនស្រីរបស់លោកមានគម្រោងបន្តយកសញ្ញាបត្របណ្ឌិត វិស្វករអគ្គិសនី ស្របពេលដែលបច្ចុប្បន្ននេះនាងកំពុងរៀនយកបរិញ្ញាបត្រវេជ្ជសាស្ត្រមួយបន្ថែមទៀត។

កុមារីរូបនេះកើតចេញពីត្រកូលក្រុមគ្រួសារ ដែលមានឪពុកម្តាយធ្វើជាវេជ្ជបណ្ឌិត ប៉ុន្តែពួកគេនៅតែមិនអាចដឹងច្បាស់ថា មូលហេតុអ្វីបានជាកូនស្រីរបស់គេមានសមត្ថភាពរៀនបានយ៉ាងរហ័សបែបនេះ។

ម្តាយរបស់កុមារី Laurent Simons បាននិយាយថា ពេលដែលខ្ញុំមានផ្ទៃពោះ ខ្ញុំចូលចិត្តបរិភោគត្រីយ៉ាងច្រើន ប៉ុន្តែមិនមែនជាមូលហេតុដែលធ្វើឱ្យខួរក្បាលកូនស្រីរបស់ខ្ញុំ វិវឌ្ឍន៍លឿនបែបនេះទេ។

លោក Sjoerd Hulshof នាយកសាកលវិទ្យាល័យ បានថ្លែងថា Laurent Simons គឺជាសិស្សម្នាក់ដែលមានខួរក្បាលល្អបំផុតដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក ហេតុដូច្នេះហើយបានជាសាលាសម្រេចឱ្យគាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រត្រឹមតែអាយុ៩ឆ្នាំ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន CNN កុមារី Laurent Simons និយាយថា មុខវិជ្ជាដែលខ្ញុំចូលចិត្តបំផុត គឺវិស្វករអគ្គិសនី ប៉ុន្តែសព្វថ្ងៃនេះខ្ញុំក៏រៀនយកបរិញ្ញាបត្រវេជ្ជសាស្ត្រមួយបន្ថែមទៀតផងដែរ៕

កែសម្រួលដោយ ៖ ដេត
ប្រភពពី ៖ CNN

RELATED ARTICLES