Saturday, April 20, 2024
Homeបរិយាយទ្វារគេធ្វើសម្រាប់បិទបើក

ទ្វារគេធ្វើសម្រាប់បិទបើក

សុភាសិតបារាំង ១ឃ្លាថា “ទ្វារគេធ្វើសម្រាប់បិទឬបើក” (Il faut qu’une porte soit ouvrie ou fermée) មានខ្លឹមសារបង្ហាញពីយុទ្ធសាស្ត្រនយោបាយ “ម្តងតឹងម្តងធូរ ម្តងបិទម្តងបើក” មើលមិនធ្លុះ។ ការវិភាគនយោបាយ មាន​ខុស​មានត្រូវ ដូចគេចាក់ឆ្នោតកន្ទុយលេខ ដូចករណីលោកសម រង្ស៊ី “ចូល ឬមិនចូល” ត្រូវបានអ្នកវិភាគយល់ឃើញខុសៗគ្នា ខ្លះថាចូល ខ្លះថាមិនអាច ប៉ុន្តែបើយកសុភាសិត “ទ្វារគេធ្វើសម្រាប់បិទឬបើក” មកពិចារណា ទើបទាយឆាប់​ត្រូវ​ ដែល​“នគរធំ” សាកល្បងទាយរឿងចូល ឬមិនចូលនោះ ទុកជាប្រធានបទបរិយាយថ្ងៃនេះ…។

“ទ្វារ” ជាច្រកមានសន្ទះ ឬរនាំងសម្រាប់បើកបិទចេញចូលផ្ទះ អគារផ្សេងៗ ដូចជា ទ្វារផ្ទះ ទ្វាររបង ជួនកាលច្រក​ភ្នំ២​ទន្ទឹមគ្នា ក៏មានឈ្មោះថា ទ្វារដែរ ដូច​“ទ្វារកំពត” ជាដើម រីឯឈូងសមុទ្រ ក៏ហៅទ្វារដែរ គឺទ្វារសមុទ្រ។ ធម្មតាទ្វារ​គ្រប់​ប្រភេទ គេធ្វើសម្រាប់បើកឬបិទ មិនមែនសន្ធប់ជិតឈឹងរហូតនោះទេ វៀរលែងតែ “ទ្វារបញ្ឆោត” នៅតាម​ប្រាសាទ​បុរាណ​នានា។ ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីពួកប្រឆាំងនៅក្រៅប្រទេស បានជួបប្រជុំលើកផែនការ “សម រង្ស៊ី ចូលស្រុក” ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍តាមដានស្ទើរតែគ្រប់គ្នា។ ក្នុងនោះ អ្នកគាំទ្រ CPP បានបញ្ចោញមតិបែប “គំរាម” ខណៈដែលអ្នកគាំទ្រអតីត CNRP ចេញមតិបែប “កម្លា”។ រឿងគំរាមនោះ ដូចមានពាក្យថា “ខ្នោះ និងគុកចាំទទួល” ឬថា “បើសម រង្ស៊ី ហ៊ានចូលនឹងត្រូវគេបាញ់ស្លាប់ដូចលោកអាគីណីូ ឬគប់ឈាមក្បាល ដូចលោកខៀវ សំផន”។ រីឯពាក្យ “កម្លា” ដូចជាថា “មានបរទេសនាំផ្លូវ” ឬថា “ចុះពីយន្តហោះ ដើរចូលឡានទូតអាមេរិក គ្មានសមត្ថកិច្ចណាហ៊ានចាប់ទេ”…។ រវាងពាក្យគំរាម និងកម្លា កំពុងឆ្លើយឆ្លងគ្នារង្គើហ្វេសប៊ុក យកជាការមិនបាន ព្រោះអ្នកគំរាម និងអ្នកកម្លាទាំងនោះ មាននិន្នាការខុសគ្នា និយាយឱ្យចំ គឺអ្នកគាំទ្រ CPP “មិនចង់ឱ្យមេប្រឆាំងនោះជាន់ទឹកដីខ្មែរ” ខណៈដែលអ្នកគាំទ្រ CNRP “ចង់ឱ្យមេប្រឆាំង មកកម្ពុជា ក្នុងពេលឆាប់ៗនេះ”។

ភាពមិនចុះសម្រុងគ្នានេះ “នគរធំ” មិនប្រថុយទស្សន៍ទាយនោះទេ ក្រែងសល់តែគូទខោ ដូចចាញ់បាល់ ឬចាញ់កន្ទុយលេខ ប៉ុន្តែយើងសូមលើកសុភាសិតបារាំងខាងលើ មកបង្ហាញវិញ ព្រោះវាមានលក្ខណៈកណ្តាល មិនផ្អៀងទៅខាងណា។ “ទ្វារគេធ្វើសម្រាប់បើកឬបិទ” បានន័យថា “ថ្ងៃនេះគេបិទ ថ្ងៃស្អែកគេបើក” តើអ្នកណាជាអ្នកបើក? លុះត្រាតែម្ចាស់ផ្ទះ ទើបអាចបើកបាន ប៉ុន្តែក្នុងករណីខ្លះ “ចោរក៏អាចគាស់ទ្វារចូលលួចទ្រព្យសម្បត្តិបានដែរ”។ ដូច្នេះ ទ្វារសម្រាប់លោកសម រង្ស៊ី បើកឬបិទ អាស្រ័យលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬសម្ពាធអន្តរជាតិនេះឯង ដោយចាត់ទុក “អន្តរជាតិ អាចគាស់ទម្លាយទ្វារនោះ ឱ្យបើកបាន”។

ជារឿងធម្មតាទៅហើយ ដែលបក្សកាន់អំណាច និយាយតែមួយច្រកថា “កម្ពុជា ជារដ្ឋអធិបតេយ្យ គ្មានបរទេសណា អាចរំលោភបាន” ការលើកឡើងនេះ មិនខុសអ្វីទេ ព្រោះប្រទេសឯករាជ្យ ទោះជាតូចក្តី ក៏ប្រទេសធំ ឬមហាអំណាច មិនអាចលូកដៃបាន ប៉ុន្តែករណីមហាអំណាច បើគេចង់ធ្វើអ្វីមកលើប្រទេសតូច ក៏អាចធ្វើបានភ្លាម ដូចមានទឡ្ហីករណ៍ខាងក្រោម ៖

បន្ទាប់ពីមានរដ្ឋប្រហារកើតឡើង សម្តេចឪ ព្រះបរមរតនកោដ្ឋ និងព្រះអគ្គមហេសី បានភៀសព្រះកាយទៅគង់នៅក្រុងប៉េកាំង ខណៈដែលសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ជាព្រះវររាជមាតា គង់នៅក្នុងបរមរាជវាំង រីឯព្រះរាជវង្សានុវង្សមួយចំនួន ត្រូវឡើងតុលាការសឹកនៃរបបលោកសេនាប្រមុខ លន់ នល់។ ដោយព្រួយបារម្ភពីជោគវាសនាព្រះវររាជមាតា និងព្រះរាជវង្សានុវង្ស សម្តេចឪ ព្រះនរោត្តម សីហនុ បានយាងទៅជួបលោកជូន អេនឡាយ នាយករដ្ឋមន្ត្រីចិន ឱ្យជួយធ្វើអន្តរាគមន៍យ៉ាងណាឱ្យព្រះវររាជមាតា បានយាងមកគង់នៅក្រុងប៉េកាំង។ កាលនោះ មេដឹកនាំចិន ក៏បាននិយាយគ្នា ជាមួយលោកនិក សុន ប្រធានាធិបតីអាមេរិក ពីសំណូមពរនេះ ទើបមេដឹកនាំអាមេរិក “ចេញបង្គាប់” ទៅលោកលន់ នល់ ឱ្យដោះលែងព្រះវររាជមាតា និងព្រះរាជវង្សានុវង្ស បានយាងទៅគង់នៅស្រុកចិន ដូចបំណង វៀរលែងតែរាជវង្សចុះចូលជាមួយលោកលន់ នល់ ដែលមិនព្រមទៅ។ រឿងនេះ យើងបានដឹងតាមរយៈឯកសារនានា ដែលសម្តេចឪ ទ្រង់ព្រះលិខិត (សរសេរ) ដែលបង្ហាញថា ព្រះអង្គមានភាពស្និទ្ធស្នាលជាមួយមេដឹកនាំចិន ចំណែកចិន កំពុងចរចាជាមួយអាមេរិក រហូតដល់រៀបចំដំណើរទស្សនកិច្ចលោកប្រធានធិបតី និក សុន នៅប៉េកាំង កាលពីឆ្នាំ១៩៧២ ទៀតផង។

ដូច្នេះយើងឃើញថា ចិន មិនអាចនិយាយគ្នាជាមួយរបបលោកលន់ នល់ ​បានឡើយ ប៉ុន្តែចិន ឱ្យអាមេរិក ដែលជាមេខ្លោងនៃរបបសាធារណរដ្ឋខ្មែរ ទៅនិយាយជាមួយលោកលន់ នល់។ ដោយសារតែរបបនេះ ស៊ីជំនួយអាមេរិក ទើបចាំបាច់ត្រូវតែស្តាប់បង្គាប់អាមេរិក។

យ៉ាងណាមិញ ករណីលោកសម រង្ស៊ី មិនត្រូវធាតុគ្នាជាមួយចិន នោះទេ តែលោកសម រង្ស៊ី អាចពឹងអាមេរិក ជាមេខ្លោង ឱ្យនិយាយគ្នាជាមួយចិន ដើម្បី “បើកទ្វារប្រទេស” ឱ្យគាត់។ ដូចឃើញស្រាប់ហើយ សព្វថ្ងៃអាមេរិក និងចិន កំពុងដំឡើងសាច់ដុំដាក់គ្នា ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាសេដ្ឋកិច្ច ដែល “ម្តងតឹងម្តងធូរ” ដូច្នេះគេអាចយកប្រទេសតូចដូច កម្ពុជា “ដោះដូរគ្នាដោយសម្ងាត់” ក៏អាចថាបាន។ ឧបមាថា អាមេរិក យល់ព្រមបន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រចិនខាងត្បូង និងបន្ធូរបន្ថយពន្ធនាំទំនិញចូលពីប្រទេសចិន អាចធ្វើឱ្យមហាអំណាចទាំងពីរនេះ ស្រុះស្រួល ឈានដល់ “គោះកែវសាមគ្គី”។ បើកាលណា មហាយក្សទាំងពីរនេះ ស្រុះស្រួលគ្នា ច្បាស់ជាគេមិនបណ្តែតបណ្តោយឱ្យ “កូនជឹង” ល្អិតល្អោចឈ្លោះគ្នាទៀតទេ អាចនឹងមានការសម្របសម្រួលដោយសន្តិវិធី។ យើងឃើញលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មុនដំបូង ប្រឹងដំឡើងសាច់ដុំសាកល្បងនុយក្លេអ៊ែរ ជារឿយៗ លុះអាមេរិក “ខ្សឹបខ្សុល” ជាមួយបងធំចិន ក៏ស្រាប់តែប្អូនគីម ជុងអ៊ុន យល់ព្រមចរចា លែងសម្ញែងសាច់ដុំទៀតទៅ។

ដូច្នេះឃើញឃើញថា សម្ពាធអន្តរជាតិ បើសិនជាគេចង់ធ្វើ គេមិនឱ្យប៉ះពាល់ដល់ “អធិបតេយ្យជាតិ” នោះទេ ប៉ុន្តែគេជំរុញឱ្យ “ម្ចាស់ប្រទេស បើកទ្វារប្រទេស” ដោយសន្តិវិធី។ ករណីអ្នកវិភាគខ្លះលើកឡើងថា បើលោកសម រង្ស៊ី ហ៊ានចូល គេនឹងបាញ់ប្រហារដូចលោកអាគីណូ ជារឿងដោយឡែកទេ ដោយសារកាលនោះ ប្រធានាធិបតីហ៊្វីលីពីន លោកហ៊្វែរឌីណង់ ម៉ាកូស មិនទាន់ចុះពីតំណែង លុះមេបក្សប្រឆាំង អាគីណូ ចុះពីយន្តហោះ ក៏ត្រូវទាហានម្នាក់ស្មោះត្រង់ប្រធានាធិបតី បាញ់សម្លាប់ទៅ។ មរណភាពរបស់មេប្រឆាំងហ៊្វីលីពីននេះ បង្កភាពរំជើបរំជួលបះបោរគ្រប់ទីកន្លែង សូម្បីសម្តេចសង្ឃរាជកាតូលិក នៅហ៊្វីលីពីន ព្រះរាម ហៃមី កាឌីណាល់ ស៊ិន ក៏ថ្កោលទោសប្រធានាធិបតីផ្តាច់ការនោះដែរ រហូតដល់លោកម៉ាកូស រត់ចោលស្រុក ហើយភរិយាលោកអាគីណូ គឺលោកស្រី កូរ៉ាហ្សូន អាគីណូ ជាប់ឆ្នោតជាប្រធានាធិបតី…។

ជួនកាលមេប្រឆាំង ចូលស្រុកដោយលួចលាក់ក៏មានដែរ ដូចករណីសម្តេចឪ កាលនៅតស៊ូសម័យសង្គ្រាម បានយាងមកដល់ភ្នំគូលែន ក្នុងឆ្នាំ១៩៧៣ ខណៈដែលយន្តហោះ B52 អាមេរិក កំពុងទម្លាក់គ្រាប់បែក។ ករណីខ្លះទៀត ក្នុងពេលអយុត្តិធម៌សង្គមកើតឡើង អ្នកកាន់អំណាច មិនអាចគ្រប់គ្រងបាន ក៏មានការជ្រើសអ្នកប្រឆាំងពីក្រៅមកជំនួសដែរ ដូចករណី “ព្រះស្រីសុរិយោពណ៌” យាងពីប្រទេសសៀម មកគ្រងរាជ្យ ខណៈដែល “ព្រះបាទពញាញោម” ធ្វើឱ្យរាស្ត្ររំជើបរំជួល ព្រោះវិបត្តិសង្គម។ ទោះយ៉ាងណា ការធ្វើមាតុភូមិនិវត្តន៍របស់មេប្រឆាំង សំខាន់បំផុត លុះត្រាតែមហាអំណាច ប្លុក២ ត្រូវរ៉ូវគ្នា រីឯបងធំក្នុងតំបន់ ជួយអន្តរាគមន៍ផ្សំផង ទើបទ្វារប្រទេសត្រូវបើក។

សរុបទៅ “ទ្វារគេធ្វើសម្រាប់បើកឬបិទ” គ្រាន់តែជាការបកស្រាយសុភាសិតបារាំង តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទ្វារប្រទេស លុះត្រាតែម្ចាស់ប្រទេសបើក ទើបមេប្រឆាំងចូលបាន។ រឿង “ភ្នាល់គ្នា” និង “សន្យាកាត់ដៃ” របស់អ្នកនយោបាយ មិនទៀងទាត់ទេ ម្តងថាអ៊ីចេះ ម្តងថាអ៊ីចុះ ឯរឿង “អាងលើអធិបតេយ្យ” គ្រាន់តែជាលក្ខណៈ “ទ្វារមិនទាន់បើក” ប៉ុណ្ណោះ។ ដូច្នេះបើសិនជាបច្ចុប្បន្ន ជាន់ដានអតីតកាល ដូចករណីសម្តេចឪ ពឹងពាក់មេដឹកនាំចិន ឱ្យទៅនិយាយជាមួយអាមេរិក ហើយអាមេរិក គាបសង្កត់របបលន់ នល់ នោះ ជួនកាលទ្វារប្រទេស “បើកខ្វាក” ក៏ថាបាន៕

RELATED ARTICLES